Post News Media ព័ត៌មានកីឡា Liverpool ត្រ...

Liverpool ត្រៀមតម្លើងតម្លៃពលកម្ម Salah គុណនឹងពីរ

បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អ នារដូវកាលនេះ ដោយស៊ុតបាន ៤៣គ្រាប់​ឲ្យក្រុមហង្សក្រហម Liverpool រួមទាំងការជួយក្រុមហង្សក្រហម ធ្វើបានយ៉ាង​ល្អ​នៅ Champion League ផងនោះ បានធ្វើឲ្យ Mohamed Salah កាន់តែមាន​ប្រជាប្រិយភាព និងមានក្លិបធំៗ កំពុងចង់បានផងដែរ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Liverpool Echo បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានត្រៀមតម្លើងថ្លៃឈ្នួលប្រចាំសប្តាហ៍ដល់​ Mohamed Salah គុណនឹងពីរនៅរដូវកាលក្រោយនេះ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា Salah ក្រោយពីផ្លាស់ពី Roma មកកាន់ Liverpool ក្នុងតម្លៃ ៣៤,៣លានផោន ដោយទទួលបានពលកម្មប្រចាំសប្តាហ៍​ ៩ម៉ឺនផោន។ ក៍ប៉ុន្តែ ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ នារដូវកាលនេះ រួមទាំងការស៊ុតបញ្ចូលទី​ ក្នុង​នាមជា Top Scorer នៅ Premier League រួមទាំងជួយក្រុមហង្សក្រហម Liverpool ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ខណ:ជើងទី១ លុត Roma ចាស់ដៃ ៥-២ ផងនោះ បានធ្វើឲ្យ Liverpool ពិចារណាលើតម្លៃពលកម្មរបស់កីឡាករអេហ្ស៊ីបរូបនេះឡើងវិញ ព្រោះខ្លាចចាកចេញ ក្រោយពីបែកធ្លាយក្រុម Real Madrid កំពុងតាមប្រមាញ់​នោះ។

ក្នុងនោះដែរ Liverpool នឹងតម្លើងពលកម្មដល់ Salah ចំនួន ១៨,៥ម៉ឺនផោន ដែលស្មើគុណនឹងពីរចំពោះតម្លៃពលកម្មបច្ចុប្បន្ន។ ថ្វីបើមិនច្រើនលើសលប់ តែការតម្លើងនេះដែរ វាអាចធ្វើឲ្យ Mohamed Salah មិនចាកចេញពីហង្សក្រហម Liverpool ដូច Luis Suarez និង Philippe Coutinho ក៍ថាបាន។

Loading...