ព័ត៌មានកីឡា

ដេកផ្ទះ ក៍បានពានដែរ

ថ្វីបើខកខានចូលទីលានប្រកួតរយ:ពេល៣ខែចុងក្រោយនេះមែន តែខ្សែប្រយុទ្ធ​បំបែកកំណត់ត្រាតម្លៃខ្លួន ២២២លានផោន កាលពីរដូវក្តៅមុន Neymar បានឈ្នះពាន French Best Player Of The Year របស់លីគកំពូលបារាំង League1 ប្រចាំរដូវកាលនេះ។

កីឡាករជាច្រើនដែលបានលេង ពេញមួយរដូវកាលដែលសុទ្ធសឹងល្អៗ ដូចជា Kylian Mbappe, Edinson Cavani, Radamel Falcao រួមនឹងកីឡាករ​ល្អជាច្រើនទៀត បែរជាមិនឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ League1 ទៅវិញ បែរជាអ្នកឈ្នះ គឺជាកីឡាករដែលដេកផ្ទះរយ:ពេល៣ខែទៅវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសបារាំងបាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR បានឈ្នះពាន French Best Player Of The Year ដែលជាពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់លីគកំពូលបារាំង។

នេះគឺជាលើកទី១ហើយ ដែល Neymar បានឈ្នះពានកីឡាករល្អប្រចាំរដូវកាល ចាប់តាំងពីផ្លាស់មកលេងនៅតំបន់អឺរ៉ុប អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោយចាកចេញពីក្លិប Santos របស់ប្រេស៊ីល។ យ៉ាងណាវិញ នេះគឺជារឿងដ៍ចាប់អារម្មណ៍មួយ ព្រោះថា Neymar បានដេកផ្ទះរយ:ពេល ៣ខែកន្លងមកហើយ​ ក្រោយពីរងរបួស ខណ:កីឡាករល្អៗជាច្រើនទៀត បែរជាមិនឈ្នះពាននេះឡើយ បើទោះបីជាលេងបានល្អពេញមួយរដូវកាលក៍​ដោយ។

ចំពោះបញ្ហានេះដែរ Neymar ពិតជាធ្វើបានល្អ កាលពីមិនទាន់របួស ស្របពេលដែលប្រជាប្រិយភាព របស់កីឡាករប្រេស៊ីលរូបនេះ មានសន្ទុះខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ក្នងប្រទេសបារាំង សមត្ថភាព គួបផ្សំនឹងប្រជាប្រិយភាពផងនោះ សាកសមបំផុត ដែល Neymar ឈ្នះពាន French Best Player Of The Year ប្រចាំរដូវកាលនេះ។

មតិយោបល់