ព័ត៌មានកីឡា

ចំណូលច្រើនជាង ៦០លានដុល្លាពីការលក់អាវ Ronaldo ត្រឹម ២៤ម៉ោងដំបូង

គិតត្រឹម ២៤ម៉ោងដំបូងប៉ុណ្ណោះ ក្រុមសេះបង្កង់ Juventus អាចរកចំណូលបាន​ពាក់កណ្តាលនៃតម្លៃខ្លួនរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៅហើយ ខណ:ពេលនេះចំណូលបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមគេហទំព័រផ្លូវការណ៍ របស់ក្រុមសេះបង្កង់ Juventus និងបណ្តាញសារ​ពត៌មានពីប្រទេសអ៊ីតាលី បានឲ្យដឹងថា​ គិតត្រឹម ២៤ម៉ោងដំបូងប៉ុណ្ណោះ អាវរបស់ Ronaldo ត្រូវបានលក់ចេញប្រមាណជា ៥២០០០០ អាវពោលគឺជាចំនួនលក់​ដ៍ច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិក្លិបជើងឯកអ៊ីតាលីមួយនេះ។ ក្នុងនោះដែរ អាវមួយមានតម្លៃ ១២០ដុល្លា សុរបនៃចំណូលមានរហូតដល់ទៅ ៦២,៤លានដុល្លា ​ប្រមាណជាពាក់កណ្តាលតម្លៃខ្លួនរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ( ១២៥លានដុល្លា )។

នេះគ្រាន់តែជាស្ថិតិថ្ងៃដំបូងនៃការលក់អាវប៉ុណ្ណោះ មកទល់ពេលនេះ ចំនួនលក់ចេញ កាន់តែកើនឡើងខ្លាំង ហើយចំណូលវិញ ក៍កើនឡើងជាលំដាប់ផងដែរ គ្រាន់តែមិនទាន់បង្ហាញទិន្នន័យឲ្យដឹងច្បាស់​នៅឡើយ។ យ៉ាងណាវិញ តាមរយ:ស្ថិតិលក់អាវនេះដែរ បង្ហាញឲ្យឃើញថា វត្តមានរបស់ Cristiano Ronaldo ពិតជាកក្រើកអ៊ីតាលីយ៉ាងខ្លាំង ពោលប្រជាប្រិយភាព របស់កីឡាករអន្តរជាតិពរទុយហ្គាល់រូបនេះ នៅតែមានសន្ទុះគាំទ្រខ្លាំង ថ្វីបើមានវ័យចំណាស់បន្តិចមែន។

ដូច្នេះហើយ ត្រឹម ២៤ម៉ោងដំបូងក្រុមសេះបង្កង់ Juventus រកចំណូលពីការលក់​អាវបានរហូតដល់ទៅ ៦២,៤លានដុល្លា ពោលលក់បានអាវចំនួន ៥២០០០០ ក្នងតម្លៃ ១២០ដុល្លា។

មតិយោបល់