ព័ត៌មានកីឡា

អីយ៉ា! អ្នកចាំទីរបស់អាស៊ីអាគ្នេយ៍យើងតើ

ការប្រកួតសប្តាហ៍ទី១ នៃក្របខណ្ឌកំពូលអង់គ្លេស Premier League បានបញ្ចប់ទៅ ដោយបន្សល់ទុកព្រឹត្តិការណ៍ សំខាន់ៗជាច្រើន ដែលបានកើតឡើង​នាចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងចំណោមរឿងរ៉ាវដែលបានកើតឡើងនោះដែរ​ យើងសង្កេតឃើញថា អ្នកចាំទី​អន្តរជាតិភីលីពីន Neil Etheridge មិនត្រឹមតែជាអ្នកចាំទីអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបាន​ឈានជើងទៅលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League ឡើយ អ្នកចាំទីរូបនេះ បានក្លាយជាអ្នកចាំទីដំបូងគេបង្អស់ ដែលសង្រ្គោះបាល់ ១១ម៉ែត្រ ពីការស៊ុតបញ្ចូលទីរបស់គូបដិបក្ខបាន។

ថ្វីបើ Neil បានធ្វើឲ្យរបូតគ្រាប់​បាល់ដល់ទៅ២គ្រាប់ ក្នុងការលេងឲ្យក្រុម Cardiff ចាញ់ម្ចាស់ផ្ទះ AFC Bournemouth ២-០ ក៍ដោយ តែរូបគេធ្វើបានយ៉ាងល្អវិញ តាមរយ:ការសង្រ្គោះ​បាល់ ១១ម៉ែត្រ ដែលជាគ្រាប់បាល់គ្រោះថ្នាក់បំផុតបានវិញ។ គួរបញ្ជាក់ផងដែរថា Neil Etheridge គឺជាកីឡាករនៅតំបន់អាស៊ីដំបូងគេហើយ ដែលមានឱកាស​លេងនៅក្របខណ្ឌដ៍ធំ និងល្បីល្បាញពេញពិភពលោកបែបនេះ ខណ:តំបន់អាស៊ីអាគ្នេយ៍ មិនសូវរីកចម្រើនខ្លាំង ដូចនៅអាស៊ីបូព៌ា និងមជ្ឈិមបូព៌ា​ឡើយ។

ដូច្នេះហើយ Neil Etheridge មិនត្រឹមតែមានឱកាស​លេងក្នុងក្របខណ្ឌ​កំពូល​អង់គ្លេសឡើយ កីឡាករភីលីពីនរូបនេះ ក៍កំពុងតែលើកមុខមាត់​តំបន់អាស៊ីអាគ្នេយ៍ ឲ្យទទួលការចាប់អារម្មណ៍ពីសំណាកតំបន់អឺរ៉ុបផងដែរ។

មតិយោបល់