ព័ត៌មានកីឡា

Ronaldo, Salah, Modric ត្រូវប្រជែងគ្នាទឹកចុងក្រោយ ខណៈ Messi ត្រូវដេកផ្ទះ

សមាសភាព កីឡាករល្អបំផុត ៣នាក់ចុងក្រោយ របស់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានចេញជាលទ្ធផលហើយ ដោយរួមមានកីឡាករចំណូលថ្មី ក្រុមសេះ​បង្កង់ Juventus កីឡាករ Cristiano Ronaldo, ខ្សែបម្រើ Real Madrid កីឡាករ Luka Modric និង Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ខណ:កីឡាករម្ចាស់ស្បែកជើងអឺរ៉ុប Lionel Messi មិនជាប់ឈ្មោះ​ឡើយ។

ការចេញលទ្ធផល កីឡាករល្អបំផុតនៅតំបន់អឺរ៉ុប បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ក្រោយពី Lionel Messi របស់ក្រុម Barcelona បែរជាមិនជាប់ឈ្មោះទៅ​វិញ។ ក្នុងនោះដែរ សម្រាប់ Cristiano Ronaldo នៅតែជាតារារះមិនលិចដដែល ដោយ កីឡាកររូបនេះ នៅតែបន្តមានឈ្មោះប្រជែងពានរង្វាន់កីឡាករល្អបំផុតរបស់ UEFA ដដែល។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Mohamed Salah និង Luka Modric បានជាប់ឈ្មោះលើកដំបូងក្នុងការប្រជែងពាននេះ ដោយរុញច្រាន Lionel Messi, Neymar និងកីឡករល្អៗជាច្រើនទៀត ឲ្យរបូតចេញពីពាន​មួយ​នេះ។

គួរបញ្ជាក់ផងដែរថា​​ Ronaldo បានជួយ Real Madrid ឲ្យឈ្នះ Champion League ជាលើកទី១៣ និងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ​នៅ Champion League ចំណែក Modric មិនខុសពី Ronaldo ដែរ ជួយ Real Madrid ឈ្នះ Champion League និងឈ្នះពានកីឡាករល្អប្រចាំ World Cup ក្រោយពីជួយក្រូអាតឡើងផ្តាច់ព្រ័ត្រ ខណ Salah វិញ ឈ្នះស្បែកជើងមាស Premier League និងជួយ Liverpool ឡើងដល់វគ្គផ្តាច់​ព្រ័ត្រ Champion League ។

ដូច្នេះហើយ រង់ចាំមើលថា រវាង Cristiano Ronaldo, Luka Modric និង Mohamed Salah តើកីឡាកររូបណា ដែលឈ្នះពានកីឡាករល្អបំផុតនៅតំបន់​អឺរ៉ុបរបស់ UEFA ។

មតិយោបល់