ព័ត៌មានកីឡា

ខ្លាកំណាចទាំង ៥ នៅអង់គ្លេស តាមប្រមាញ់កីឡាករវ័យក្មេងកំពុងឡើងជើង

ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga កម្រនឹងមានកីឡាករអង់គ្លេសរូបណា​ម្នាក់​ដែលធ្វើឲ្យកក្រើក និងសាងភាពល្បីល្បាញខ្លាំង នៅទីនោះឡើយ ក៍ប៉ុន្តែ អតីតយុវជនក្រុម Manchester City មួយរូប បែរជាអាចធ្វើបានទៅវិញ។

ជាក់ស្តែងណាស់ ក្រុមខ្លាំងចំនួន​​ ៥​ នៅអង់គ្លេស មានបិសាចក្រហម Manchester United, តោខៀវ Chelsea, ហង្សក្រហម Liverpool, កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham Hotspur កំពុងតែចាប់អារម្មណ៍ចង់បានយុវជនវ័យ ១៨ ឆ្នាំអង់គ្លេស កីឡាករ Jodan Sancho ពីក្រុម Borussia Dortmund ។ Sancho បានធ្វើឲ្យមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំងក្នុងរដូវកាលនេះ តាមរយ:ការបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយជួយក្រុម Dortmund ឲ្យឈរកំពូលតារាងបណ្តោះអាសន្ន។

អតីតយុវជន​ក្រុម Manchester City រូបនេះ បានផ្លាស់ទៅកាន់ក្រុម Dortmund កាលពីចុងឆ្នាំ ២០១៧ ដើម្បីជំនួសតំណែង Ousmane Dembele តែដំបូងឡើយមិនសូវបានបង្ហាញវត្តមានក្នុងទីលានឡើយ។ សម្រាប់រដូវកាលនេះ Sancho ហាក់ទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីក្លិប រហូតបានបង្ហាញសមត្ថភាព​យ៉ាងល្អក្នុងទីលាន ជាហេតុធ្វើឲ្យក្លិបខ្លាំងៗ នៅអង់គ្លេសដល់ទៅ ៥ តាមប្រមាញ់កីឡាករវ័យ ១៨ ឆ្នាំរូបនេះ។

គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍ដែលចុះផ្សាយដោយ El.Mundo Deportivo បានឲ្យដឹងថា តម្លៃខ្លួនរបស់ Jadon Sancho អាចហក់ឡើងដល់ទៅ ១០០ លានផោន ក្នុងការតាមប្រមាញ់របស់ Man Utd, Chelsea, Livepool, Arsenal និង Tottenham ។

មតិយោបល់