ព័ត៌មានបច្ចេកវិទ្យា

កាន់ iPhone ក្នុងដៃ តិចអត់ទាន់ដឹងពីប្រយោជន៍ និងរបៀបប្រើមុខងារនេះ!

iPhone គឺជាទូរស័ព្ទដ៏មានតម្លៃមួយ ដែលតែងតែនៅជាប់ខ្លួនរបស់លោកអ្នកជានិច្ចជាកាល ទោះទៅដល់ទីណា ឬពេលណាក៏ដោយ។ ម្លោះហើយ វាក៏ប្រហែលជាឧបករណ៍មួយផងដែរ សម្រាប់លោកអ្នករក្សាផ្ទុកឯកសារសំខាន់ៗ និងរូបថត-វីដេអូអនុស្សាវរីយ៍ផ្សេងៗជាដើម។ ចុះបើមានថ្ងៃណាមួយ ពេលលោកអ្នកលូកចូលក្នុងហោប៉ៅ ឬកាបូប ហើយមិនឃើញវា តើនឹងមានអារម្មណ៍ដូចម្តេច? ជាការពិតណាស់ ខណ:ទូរស័ព្ទដៃដ៏ទំនើបមួយនេះមានតម្លៃខ្ពស់ វាក៏ជាផ្ទាំងស៊ីបរបស់ជនខិលខូច ជាពិសេសគឺចោរតែម្តង ខណ:ករណី iPhone បាត់ ឬត្រូវចោរលួច បានកើតមានឡើងជាហូរហែច្រើនរាប់មិនអស់។

Find My iPhone គឺជាកម្មវិធីដ៏អស្ចារ្យមួយដែលក្រុមហ៊ុន Apple ផ្ទាល់បានបង្កើតឡើង ដើម្បីជួយដល់អ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន អាចមានលទ្ធភាព និងឱកាសស្វែងរកទូរស័ព្ទជាទីស្រឡាញ់មកវិញបានក្នុងកម្រិតមួយខ្ពស់ តាមរយ:ការចាប់យកទីតាំងរបស់វាតាមប្រព័ន្ធ GPS រួចបញ្ចូនមកកាន់កម្មវិធីអនឡាញ iCloud ឬយ៉ាងហោចណាស់ក៏អាចបញ្ជាលុបទិន្នន័យនៅក្នុងនោះ ឬចាក់សោផ្តាច់ការប្រើប្រាស់បានពីចម្ងាយបានផងដែរ។
ដូច្នេះ Post Tech មានកិត្តិយសសូមលើកយកពីវិធីសាស្រ្តក្នុងការស្វែងរក iPhone, iPad ឬក៏ iMac មកបង្ហាញជូនលោកអ្នកឱ្យបានជ្រាបដូចតទៅ៖

find-my-iphone-ios7

តម្រូវការកម្មវិធី៖

– មានគណនី Apple ចុះរួចជាស្រេចក្នុងកម្មវិធី iCloud លើទូរស័ព្ទ iPhone

– មុខងារ Location Services លើទូរស័ព្ទ iPhone ត្រូវបានបើកដំណើរការ

– គាំទ្រនៅលើ iOS Devices (iPhone, iPad, iPod Touch)

– កុំព្យូទ័រមានដំឡើងកម្មវិធី iTunes ជំនាន់ថ្មីៗ

១- របៀបស្វែងរក iPhone ដែលបានបាត់តាមមុខងារ Find My iPhone

> ជាដំបូង សូមចូលទៅកាន់ Settings -> iCloud -> Find My iPhone រួចចុចលើកុងតាក់បិទ/បើក ដើម្បីបើកដំណើរការវា (កុងតាក់លោតពណ៌បៃតង)។

> បន្ទាប់មក នៅខាងក្រោម Find My iPhone សូមចុចកុងតាក់បើកដំណើរការមុខងារ Send Last Location ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធកម្មវិធី iOS ផ្ញើទិន្នន័យទីតាំងចុងក្រោយរបស់ iPhone មុនពេលដែលវាអស់ថ្មរលត់មកកាន់អ្នក។

> បន្ទាប់មកទៀត សូមចូលទៅកាន់ Settings -> Privacy -> Location Services រួចចុចបើកដំណើរការវា។

how-to-use-find-my-iphone-2

២- របៀបប្រើប្រាស់កម្មវិធី Find My iPhone ដើម្បីស្វែងរកទូរស័ព្ទដែលបាត់

> ជាដំបូង សូមបើកដំណើរការកម្មវិធី Find My iPhone (បើមិនមានស្រាប់ លោកអ្នកអាចទាញវាយកមកដំឡើងពី App Store បាន) នៅលើ iOS Devices (iPhone, iPad ឬ iPod Touch) ណាមួយរបស់លោកអ្នក។

> បន្ទាប់មក សូមធ្វើការចុះឈ្មោះដោយប្រើគណនី Apple ផ្ទាល់ខ្លួនមួយ ដែលអ្នកបានចុះក្នុងកម្មវិធី iCloud លើទូរស័ព្ទ iPhone ដែលបានបាត់។

> បន្ទាប់មកទៀត នៅលើផ្ទាំងកម្មវិធី Find My iPhone នឹងលោតចេញបញ្ជីរាយនាម iOS Devices ដែលបានប្រើប្រាស់គណនី Apple ឬ iCloud តែមួយ (បើលោកអ្នកប្រើគណនី iCloud លើឧបករណ៍ច្រើនផ្សេងគ្នា និងបើឧបករណ៍ទាំងនោះកំពុងបើកមុខងារ Location Services)។

find-my-iphone-app

> សូមចុចលើឈ្មោះ iPhone ដែលបានបាត់ ភ្លាមៗនោះ ទីតាំងដែលវាកំពុងឋិតនៅជាក់ស្តែងនឹងបង្ហាញឡើង ក្នុងផែនទីរបស់ក្រុមហ៊ុន Apple (បើមុខងារ Location Services ត្រូវបានបិទ ឬទូរស័ព្ទកំពុងបិទ វានឹងបង្ហាញចំណុចទីតាំងចុងក្រោយ មុនពេល Location Services បិទដំណើរការ)។

> ក្នុងនោះដែរ លោកអ្នកនឹងឃើញមានប៊ូតុង ៣ សម្រាប់អនុញ្ញាតឱ្យលោកអ្នកបញ្ជាពីចម្ងាយ ទៅលើទូរស័ព្ទ ដែលបានបាត់ ដោយទី១ គឺប៊ូតុង “Play Sound” សម្រាប់បញ្ជាឱ្យ iPhone បន្លឺសំឡេងរោទិ៍ឡើង, ទី២ គឺប៊ូតុង “Lost Mode” សម្រាប់បញ្ជាចាក់សោសម្ងាត់បិទមិនឱ្យអ្នកដែលរើសបាន ឬលួចទូរស័ព្ទរបស់អ្នក អាចប្រើប្រាស់វាបាន និងទី៣ គឺប៊ូតុង “Erase iPhone” សម្រាប់បញ្ជាលុបរាល់ទិន្នន័យទាំងអស់ក្នុងទូរស័ព្ទ។

how-to-use-find-my-iphone-1

៣- របៀបស្វែងរក iPhone តាមកម្មវិធី Find My iPhone នៅលើកុំព្យូទ័រ

ចំពោះវិធីស្វែងរកទីតាំង iPhone តាមកម្មវិធី Find My iPhone នៅលើម៉ាស៊ីនកុំព្យូទ័រ ទាំង PC និង Mac គឺមានរបៀបមិនខុសពីវិធីស្វែងរកតាមទូរស័ព្ទនោះទេ ដោយលោកអ្នកអាចចុះឈ្មោះជាមួយគណនី iCloud របស់អ្នក ក្នុងគេហទំព័រ www.icloud.com ឬតាមកម្មវិធី iCloud ក៏បាន រួចលោកអ្នកអាចចាប់ផ្តើម តាមវិធីសាស្រ្តដូចបានរៀបរាប់នៅចំណុចទី ២ បាន៕

how-to-use-find-my-iphone-3

មតិយោបល់