ព័ត៌មានបច្ចេកវិទ្យា

Range Rover Evoque ស៊េរីឆ្នាំ ២០១៧ កាន់តែទំនើប កាន់តែប្រណិត

Range Rover Evoque ស៊េរីឆ្នាំ ២០១៧ គឺជាប្រភេទរថយន្តដ៏ប្រណិត និងពេញនិយមបំផុតមួយរបស់​ក្រុមហ៊ុន Jaguar Land Rover។ បើពិនិត្យមើលរូបរាងខាងក្រៅ លោកអ្នកពិតជាពិបាកនឹងកត់សម្គាល់​ដឹងថា ជាស៊េរីថ្មីឆ្នាំ ២០១៧ ណាស់ ពិព្រោះ ពីមួយស៊េរីទៅមួយស៊េរី វាអាចនឹងមានការកែលំអរស្ទើរតែគ្រប់ផ្នែក គឺចាប់ពីចង្កៀងមុខថ្មី កាងមុខ/ក្រោយ ពណ៌ និងប្រព័ន្ធព័ត៌មាន-កម្សាន្តជាដើម។ល។ ចំពោះរថយន្ត​ប្រភេទទ្វារ ៥​ ស៊េរីថ្មីនេះ ត្រូវបានបំពាក់ប្រព័ន្ធព័ត៌មាន-កម្សាន្ត InControl Touch Pro ជំនាន់ចុងក្រោយ ដែលអាចផ្តល់នូវការតភ្ជាប់ និងការកម្សាន្តកាន់​តែអស្ចារ្យនៅលើ​អេក្រង់ប្រភេទប៉ះបញ្ជាទំហំ ១០ អ៊ីញ។

តាមរយ:ប្រព័ន្ធនេះ វាអាចស្វែងរកប្រឡោះចូលចតដោយស្វ័យប្រវត្តិ និងអាចបញ្ចូនព័ត៌មានស្តីពី​ស្ថានភាព​ផ្សេងៗ​របស់រថយន្ត ដូចជា ទ្វារ ចំណុះសាំង និងតម្រាយផ្លូវរត់ជាដើម ទៅកាន់ស្មាតហ្វូនបានថែមទៀតផង។ ផ្ទៃខាងក្នុង ត្រូវបានរចនាស្រោបដោយអាលុយមីញ៉ូម ឈើ និងស្បែកយ៉ាងប្រណិត និងមានទំហំធំទូលាយ​ ហើយ​កៅអីអង្គុយមានបំពាក់ប្រព័ន្ធខ្យល់ត្រជាក់-ក្តៅ ជួយឱ្យការធ្វើដំណើរ និងបើកបរកាន់តែមា​ន​ផាសុកភាព។

Range Rover Evoque 2017 បំពាក់ម៉ាស៊ីន Turbo ទម្ងន់ស្រាល ផលិតពីអាលុយមីញ៉ូម មានស៊ីឡាំង ៤ ចំណុះ ២ លីត្រ អាចផ្តល់កម្លាំងថាមពល ១៧៨ សេះ និងអាចបង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ។

Range Rover Evoque ស៊េរីឆ្នាំ ២០១៧​ ត្រូវបានដាក់លក់លើគេហទំព័រ landroverusa ក្នុងតម្លៃចាប់ពី ៤១,៨០០ ដុល្លារ (មិនទាន់បូកពន្ធនាំចូល) ឡើងទៅ ដោយវាមានច្រើនម៉ូដែលសម្រាប់ជ្រើសរើស ក្នុងនោះ​ វាមានទាំងម៉ូដែលកៅអី ៥ កៅអី ៤ និងកៅអី ៤ បើកដំបូលផងដែរ៕

មតិយោបល់