ព័ត៌មានបច្ចេកវិទ្យា

គន្លឹះ ៥ យ៉ាងដែលអ្នកទើបទិញ iPhone 7 ឬ 7 Plus ត្រូវតែអនុវត្ត

កំពូលទូរស័ព្ទដៃ iPhone 7 និង iPhone 7 Plus គឺជាទូរស័ព្ទដៃម៉ូដែល ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Apple។ ហើយមានមុខងារប្លែកៗ និងល្អៗជាច្រើនដែលអ្នកប្រើប្រាស់ គួរតែយល់ដឹងឲ្យបានច្បាស់។ ការប្រើប្រាស់មុខងារពិសេសថ្មីៗ គឺមិនមែនជាភាពងាយស្រួលទេ ប្រសិនបើយើងមិនបានអានការណែនាំណាមួយ ឬក៏អាចនិយាយបានថា មិនដឹងថាមានមុខងារណាថ្មីគួរយកមកប្រើប្រាស់នោះ។ ពេលនេះ ក្រុមការងារ Post Tech សូមលើកយកចំណុចសំខាន់ ៥ យ៉ាងធ្វើការបង្ហាញជូនដល់ប្រិយមិត្តទាំងឡាយណា ដែលមិនទាន់ជ្រាបច្បាស់ និងមានជាអាថ៌ដូចខាងក្រោម៖

១. ការរក្សាទុកទិន្នន័យ និងការទាញយកមកវិញ ( Backup and restore )

នេះគឺជាវិធីសាស្រ្តដ៏ល្អមួយ ដែលយើងអាចធ្វើការរក្សារទុកទិន្នន័យ (Backup) បម្រុងទុក ពេលដែលអ្នកទិញ iPhone មកប្រើប្រាស់ថ្មី និងត្រូវការផ្ទេរទិន្នន័យពី iPhone ចាស់ដាក់ក្នុង iPhone ថ្មី។ ចំណែកឯការ Backup នេះគឺអាចធ្វើបានជាប្រចាំ ដោយគ្រាន់តែភ្ជាប់ទូរស័ព្ទដៃ ជាមួយកុំព្យូទ័រ តាមរយ:កម្មវិធី iTunes។

របៀបអនុវត្តន៍ដ៏ខ្លី៖ សូមដោតភ្ជាប់ iPhone ស៊េរីចាស់របស់អ្នក ជាមួយនិងកុំព្យូទ័រ ដោយបើកកម្មវិធី iTunes → ចុចលើប៊ូតុង ដែលមានរូបតាងដោយទូរស័ព្ទតូចមួយ នៅលើផ្ទៃរបា → ត្រង់ផ្ទាំង Backup សូមធីកយក This Computer ព្រមទាំង Encrypt iPhone backup ដើម្បីធ្វើការរក្សាទុក ទាំងគណនី និងលេខកូដសម្ងាត់ពីក្នុងទូរស័ព្ទ iPhone ផងដែរ → បន្ទាប់មកទៀតសូមវាយបញ្ចូលលេខកូដសម្ងាត់ថ្មី ដែលងាយចងចាំ → ជាចុងក្រោយ គ្រាន់តែចុចពាក្យថា Back up now ជាការស្រេច។

ក្រោយពេលការ Backup ត្រូវបានបញ្ចប់ អ្នកអាចដោតភ្ជាប់ ទូរស័ព្ទ iPhone 7 ឬ 7 Plus ជាមួយនឹងកម្មវិធី iTunes នៅលើកុំព្យូទ័រ → ពេលនេះអ្នកអាច ទាញយកទិន្នន័យមកវិញ (Restore) ពី iPhone ចាស់មកដាក់លើ iPhone ថ្មី ដោយជ្រើសយកពាក្យថា Restore Backup រង់ចាំដំណើរការចប់ អ្នកនឹងទទួលបានទិន្នន័យចាស់ មកនៅលើ iPhone ថ្មីរបស់អ្នកវិញបានហើយ។

២. រៀបចម្ការស្កេនដោយក្រយៅដៃ ( Set up Touch ID )

អ្នកប្រើ iPhone ដែលមានមុខងារ Touch ID គួរណាស់តែ ប្រើប្រាស់មុខងារនេះ ពីព្រោះវាជាវិធីដ៏រហ័សមួយ ក្នុងការដោះសោរ iPhone ដោយមិនចាំបាច់វាយបញ្ចូលលេខកូដសម្ងាត់ ជំនួសវិញដោយការស្កេនដោយក្រយៅដៃ។

របៀបអនុវត្តន៍ដ៏ខ្លី៖ ជាដំបូងសូមបើកកម្មវិធី Settings → Touch ID & Passcode → Add a Fingerprint → សូមយកក្រយៅដៃណាមួយ មកផ្តិតឲ្យចំពីលើប៊ូតុង Home ដោយអនុវត្តការស្កេនចំនួន ២ ដំណាក់កាល (ក្នុង១ដំណាក់កាល ស្កេន ៧-៨ ដង) → បន្ទាប់មកសូមវាយបញ្ចូលលេខកូដសម្ងាត់ ជាការបម្រុងទុកប្រើប្រាស់នៅពេលចាំបាច់ → ជាចុងក្រោយអ្នកនឹងអាចដោះសោរ iPhone 7 ឬ 7 Plus ថ្មីដោយអាចប្រើការស្កេនក្រយៅដៃបានហើយ។ បញ្ជាក់ដែលថា៖ អ្នកក៏អាចដាក់បន្ថែមក្រយៅដៃអ្នកផ្សេងទៀតបាន ប្រសិនបើអ្នកអនុញ្ញាតឲ្យគេមានសិទ្ធប្រើប្រាស់ iPhone របស់អ្នក។

៣. ជ្រើសរើសប្រភេទរំញ័រប៊ូតុង​ Home ( Choose the Home button’s feel )

iPhone 7 និង iPhone 7 Plus លែងប្រើប៊ូតុង Home ចុចដូចពីមុនហើយ គឺថារាល់ពេលដែលអ្នកចុចប៊ូតុង Home អ្នកនឹងទទួលអារម្មណ៍ ពីការរំញ័រម្យ៉ាងចេញពីម៉ាស៊ីន Taptic Engine ហើយការរំញ័រនេះម្តង វាបញ្ជាក់ថាអ្នកបានចុចប៊ូតុង Home ម្តងដែរ (ប្រសិនបើអ្នកធ្លាប់បានប្រើមុខងារ Force Touch គឺថាការរំញ័រនេះ គឺមានភាពដូចគ្នាអីចឹងដែរ។ ការផ្លាស់ប្តូរថ្មីនេះ វាក៏ជាអារម្មណ៍ថ្មីដូចគ្នា ហើយពិបាកនឹងទទួលយកភ្លាមៗផងដែរ ប៉ុន្តែដើម្បីជួយកែតម្រូវភាពខុសប្លែកនេះ ប្រព័ន្ធ iOS 10 បានដាក់ការផ្តល់ជូនថ្មី ក្នុងការចុចប៊ូតុង Home មានជម្រើសនៃការរំញ័រចំនួន ៣ ប្រភេទផ្សេងៗគ្នា សម្រាប់អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើយយកមួយណាក៏បាន។
របៀបអនុវត្តន៍ដ៏ខ្លី៖ សូមបើកកម្មវិធី Settings → General → Home Button → សូមជ្រើសរើស យកលេខរៀងណាមួយ ហើយអ្នកក៏អាចចុច ប៊ូតុង Home ដើម្បីធ្វើការសាកល្បងបានដែរ។

៤. សាកល្បងកាមេរ៉ាថ្មី ( Try new Camera )

ប្រសិនបើអ្នកមានសំណាងបានកាន់ iPhone 7 plus ប្រើនោះ អ្នកនឹងមានជម្រើសមុខងារ Camera ជាច្រើនប្លែកអារម្មណ៍ ស្ថិតនៅក្នុងដៃរបស់អ្នក ហើយមុខងារពិសេសដែលគួរធ្វើតេស្តដំបូងគេ គឺ Zoom អ្នកអាចធ្វើការថតជាមួយកាមេរ៉ា wide-angel camera (1x) និងអាចថតជាមួយកាមេរ៉ា telephoto (2x) ដោយការចុចរើសយកមុខងារកាមេរ៉ា (1x) ឬ (2x) វាស្ថិតនៅកៀក ប៊ូតុងចុចថត។

មុខងារមួយទៀតគឺ Portrait Mode ដែលវាអនុញ្ញាតឲ្យយើងថតចាប់យករូបភាពផ្តោតលើចំណុចណាមួយ ហើយវានឹងធ្វើការកែផ្ទៃរូបភាពខាងក្រោយឲ្យទៅជាព្រាល ចំពោះចំណុចដែលមិនបានផ្តោតទៅលើ ។

៥. ប្រើ Live Photos ( Use a Live Photos )

ក្រុមហ៊ុន Apple បានធ្វើការណែនាំអំពីមុខងារ Live Photo ចាប់តាំងពី iPhone 6s និង iPhone 6s Plus ចេញរួមទាំង iPhone SE ផងដែរ។ ប្រសិនបើទូរស័ព្ទដៃរបស់អ្នកអាចប្រើប្រាស់មុខងារ Live Photos បាន ប៉ុន្តែមិនដឹងថា ត្រូវបើកតាមរបៀបណា ជាធម្មតាអ្នកគ្រាន់តែបើកកម្មវិធី Camera រួចបើកដំណើរការមុខងារ Live Photos ដោយចុចលើ រូបតាងដែលស្រដៀងភ្លើងកាំជ្រួច ស្ថិតនៅចំកណ្តាលផ្នែកខាងលើនៃកម្មវិធី Camera ហើយវានឹងលោតចេញពណ៌លឿង បើសិនជាយើងបានបើកមុខងារនោះ។ នៅពេលដែលអ្នក ចុចថតរូបភាពណាមួយ ពេលនោះ iPhone នឹងចាប់យកជាវីដេអូរូបភាពរយ:ពេល ១,៥ វិនាទី មុននិងក្រោយពេលចុចថត ដូច្នេះសូមកាន់កាមេរ៉ារបស់អ្នកឲ្យបាននឹងដៃ ដើម្បីទទួលបាននូវកម្រិតរូបភាពច្បាស់ល្អ។
ដើម្បីចុចមើលសកម្មភាពរូបថត Live Photos បាន ដោយគ្រាន់តែចុច 3D Touch (ប្រើកម្លាំងសង្កត់) នៅលើរូបភាព Live ណាមួយ អ្នកនឹងអាចឃើញវីដេអូដែលបង្កប់នូវក្នុង Live Photos នោះហើយ។

ឥឡូវនេះមានកម្មវិធីមួយចំនួនដែលគាំទ្រជាមួយនឹង មុខងារ Live Photos នេះផងដែរ ដូចជា៖ កម្មវិធី Google Photos វាអាចរក្សាទុករូបថត Live បាន និងកម្មវិធី Facebook វាអនុញ្ញាតឲ្យយើងធ្វើការបង្ហោះ រូបថត Live រួមទាំងកម្មវិធី Motion Stills វាអាចកែរូបថត Live ទៅជារូបភាពប្រភេទ GIFs បានផងដែរ៕

មតិយោបល់