Post News Media ព័ត៌មានបច្ចេកវិទ្យា វិធីទាញរក្សាទ...

វិធីទាញរក្សាទុក និងសម្អាតទិន្នន័យក្នុងទូរស័ព្ទដើរដោយប្រព័ន្ធ Android មុនពេលលោកអ្នកលក់វាទៅអ្នកដទៃ

ប្រសិនបើលោកអ្នកកំពុងបម្រុងលក់ ឬប្រគល់ទូរស័ព្ទដើរដោយប្រព័ន្ធ Android ដូចជា Samsung, LG, Huawei, Oppo ជាដើម។ល។ ទៅនរណាម្នាក់ មធ្យោបាយល្អបំផុត គឺលោកអ្នកគួរតែទាញយកទិន្នន័យក្នុងនោះទៅរក្សាទុកនៅកន្លែងដទៃណាមួយ រួចលុបសម្អាតវាចេញជាមុន ដើម្បីជៀសវាងទិន្នន័យទាំងនោះធ្លាក់ទៅដល់ដៃមនុស្សមិនល្អ ដែលអាចយកវាទៅប្រើក្នុងគោលបំណងអវិជ្ជមានណាមួយ។
ខាងក្រោមនេះ គឺជាវិធីទាញយកទិន្នន័យពីទូរស័ព្ទប្រភេទ Android ទៅរក្សាទុកលើម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនមេរបស់ Google និងរបៀបឈូសទិន្នន័យលើទូរស័ព្ទចោល ដែល Post Tech សូមលើកយកមកបង្ហាញជូនប្រិយមិត្តទាំងអស់ឱ្យបានទទួលជ្រាបដូចតទៅ៖

១- វិធីទាញទិន្នន័យទូរស័ព្ទទៅរក្សាទុក

> ចម្លងឯកសារទៅរក្សាទុកក្នុងម៉ាស៊ីនកុំព្យូទ័រ
នេះគឺជាមធ្យោបាយងាយស្រួលបំផុតមួយ ដោយលោកអ្នកគ្រាន់តែដោតទូរស័ព្ទទៅជាមួយកុំព្យូទ័រតាមរយ:ខ្សែ USB ហើយស្វែងរកទីតាំងផ្ទុកទិន្នន័យលើទូរស័ព្ទរបស់អ្នកនៅលើម៉ាស៊ីនកុំព្យូទ័រ រួចស្វែងរកឯកសារដែលអ្នកចង់ចម្លងទុក ហើយចម្លងវាទៅផ្ទុកក្នុងទីតាំងណាមួយលើម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច។

> ទាញឯកសារទៅរក្សាទុកលើម៉ាស៊ីនមេរបស់ Google
ក្រុមហ៊ុន Google បានផ្តល់នូវមធ្យោបាយមួយចំនួនដើម្បីឱ្យលោកអ្នកទាញយកទិន្នន័យ ឬឯកសារលើទូរស័ព្ទ Android ទៅរក្សាទុកក្នុងម៉ាស៊ីនមេរបស់ក្រុមហ៊ុន (ករណីទូរស័ព្ទអ្នកបានចុះឈ្មោះជាមួយគណនី Google ផ្ទាល់ខ្លួនមួយ) ដោយលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Backup and Reset រួចចុចយក On នោះទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកនឹងត្រូវបានផ្ទេរទៅរក្សាទុកក្នុងម៉ាស៊ីនមេរបស់ Google ជាហូរហែ នៅពេលដែលអ្នកបើកភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណែត។ បន្ទាប់មក នៅពេលដែលអ្នកទិញទូរស័ព្ទដើរដោយប្រព័ន្ធ Android ថ្មី អ្នកអាចទាញវាមកប្រើវិញបានគ្រប់ពេល ជាមួយគណនី Google ដដែល ដោយវានឹងផ្ទេរទិន្នន័យនោះ ចូលទៅទូរស័ព្ទថ្មីអ្នកដោយស្វ័យប្រវតិ្តតែម្តង ប្រសិនបើអ្នកបើកមុខងារ Automatic restore ជាមុននោះ។

បន្ថែមពីនេះ អ្នកអាចទាញឯកសាររូបថត និងវីដេអូទៅផ្ទុកក្នុង Google Photos បានដោយសេរី និងឥតដែនកំណត់ ឬក៏ផ្ទេរទៅរក្សាទុកក្នុង Google Drive ដែលមានទំហំ 15 GB ឥតគិតថ្លៃសម្រាប់អ្នកផងដែរ។

២- ឈូសទិន្នន័យលើទូរស័ព្ទចោលទាំងស្រុង

នៅពេលដែលអ្នកបានទាញទិន្នន័យទៅរក្សាទុកក្នុងម៉ាស៊ីនកុំព្យូទ័រ ឬក្នុងម៉ាស៊ីនមេរបស់ Google រួចរាល់អស់ហើយ អ្នកអាចឈូសវាចោលពីទូរស័ព្ទបានហើយ។ មានអ្នកប្រើប្រាស់ជាច្រើនយល់ច្រឡំថា ការចុច Factory reset គឺគ្រប់គ្រាន់ហើយ ប៉ុន្តែ វាមិនដូច្នោះទេ ពីព្រោះទិន្នន័យទាំងនោះ អាចសង្គ្រោះមកវិញបានដោយងាយ តាមកម្មវិធីសង្គ្រោះឯកសារមួយចំនួន។ ម្លោះហើយ ដើម្បីជៀសវាងមិនឱ្យនរណាម្នាក់អាចរុករកឯកសារឯកជនរបស់អ្នកបាន នៅពេលទូរស័ព្ទរបស់អ្នកធ្លាក់ជាកម្មសិទ្ធិអ្នកដទៃនោះ អ្នកអាចប្រើវិធី៖

> ប្រើមុខងារ Encrypt ទិន្នន័យ (បំប្លែងទម្រង់ដើមនៃឯកសារ រួចចាក់កូដសម្ងាត់)
មុនពេលឈូសទិន្នន័យលើទូរស័ព្ទចោល អ្នកគួរធ្វើការ Encrypt វាជាមុនសិន។ ដំណើរការនេះ នឹងធ្វើឱ្យទិន្នន័យរបស់អ្នកបើទោះជាត្រូវបានគេទាញមកវិញក៏ដោយ ក៏គេមិនអាចបើកវាបានដែរ លុះត្រាតែដឹងលេខកូដសម្ងាត់។ ដើម្បីធ្វើដូចនេះ អ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Security -> Encryption រួចចុច Encrypt phone ហើយរងចាំរហូតដល់ដំណើរការចប់ជាការស្រេច។

> លុបទិន្នន័យចោលឱ្យស្អាតដូចចេញពីរោងចក្រដើម
វិធីនេះ នឹងសម្អាតទិន្នន័យលើទូរស័ព្ទរបស់អ្នក រាប់បញ្ចូលទាំងលេខទូរស័ព្ទ រូបថត-វីដេអូ និងកម្មវិធីផ្សេងៗ និងរួមទាំងឯកសារនានាក្នុង Memorycard ផងដែរ (ប្រសិនបើមិនបាត់ឯកសារក្នុង Memorycard លោកអ្នកអាចដកវាចេញបាន)។ ដើម្បីធ្វើដូចនេះ អ្នកគ្រាន់តែចូលទៅកាន់ Settings -> Backup and reset -> Factory data reset រួចចុចលើ Reset និងវាយបញ្ចូលលេខកូដសម្ងាត់បួនខ្ទង់របស់អ្នក (ប្រសិនបើអ្នកមិនបានដាក់ទេ សូមវាយបញ្ចូលលេខ 0000 ឬ 1234) ហើយចុចប៊ូតុង Ok ឬ Confirm ជាការស្រេច៕

Loading...