ព័ត៌មានបច្ចេកវិទ្យា

ភ្ញៀវទេសចរណ៍នៅតំបន់អង្គរ អាចប្រើសេវាអីុនធើណែត 4G ពេលនេះបានហើយបន្ទាប់ពី…

បង្គោលអង់តែនសិប្បនិម្មិតចំនួន ៦ ត្រូវបានអាជ្ញាធរជាតិអប្សារាដំឡើងរួចរាល់ជាស្ថាពរហើយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនទូរស័ព្ទអាចពង្រីកវិសាលភាពសេវាអីុនធើណែតល្បឿន 4G របស់ខ្លួន ទៅដល់ភ្ញៀវទេសចរ ប្រជាជនក្នុងតំបន់អង្គរ អ្នកប្រកបរបរអាជីវកម្មសេវាកម្មទេសចរណ៍ និងវិស័យឯកជននានានៅតំបន់រមណីយដ្ឋាវប្បធម៌-ប្រវត្តិសាស្រ្តរបស់ខ្មែរដ៏ល្បីល្បាញមួយនេះ។ នេះបើយោងតាមព័ត៌មានបង្ហោះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សារា នៅថ្ងៃច័ន្ទនេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សារា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរអប្សារាបានដំឡើងបង្គោលអង់តែន ដែលមានរាងដូចជាដើមឈើធំមួយបានចំនួន ៦ ទីតាំងរួចរាល់ រហូតមកទល់ថ្ងៃទី ៤ មករា ២០១៧ នេះ ស្មាតជាក្រុមហ៊ុនដំបូងគេដែលបានដាក់ឱ្យដំណើរការសេវាទូរស័ព្ទ និងបណ្តាញអិុនធើណេត 4G របស់ខ្លួនយ៉ាងរលូនក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនទូរស័ព្ទផ្សេងៗទៀតក្នុងប្រទេស នឹងមកបំពាក់សេវាទូរស័ព្ទ និងសេវាអិុនធើណែតរបស់ពួកគេបន្ថែមទៀតផងដែរ។

តាមរយ:ការដំឡើងបង្គោលអង់តែនសិប្បនិម្មិត និងបំពាក់សេវាប្រព័ន្ធទូរស័ព្ទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនេះ នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាតំបន់អង្គរ មានភាពងាយស្រួលទាំងការហៅទូរស័ព្ទ ការបង្ហោះរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក និងផ្សាយផ្ទាល់វីដេអូពីដំណើរកម្សាន្តរបស់ខ្លួនបានភ្លាមៗ។ ពិសេសជាងនេះទៅទៀត វាបានជួយសម្រួលដល់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រតិបតិ្តការងាររបស់ខ្លួនផង។
គួរបញ្ជាក់ថា នេះជាលើកទី ១ ហើយសម្រាប់ប្រទេសកម្ពុជា ដែលបានមានការរៀបចំដំឡើងអង់តែនសិប្បនិម្មិតមានរូបរាងដូចដើមឈើ សម្រាប់ដាក់ឱ្យដំណើរការនៅលើទឹកដីនៃសម្បត្តិបេតិកភណ្ឌពិភពលោកបែបនេះ៕

មតិយោបល់