ព័ត៌មានបច្ចេកវិទ្យា

Nokia វិលចូលទីផ្សារស្មាតហ្វូនពិភពលោក ដោយចាប់ផ្តើមវាយលុកនៅប្រទេសចិនមុនគេ

ក្រុមហ៊ុន HMD ដែលទើបទទួលបានសិទ្ធិលក់ទូរស័ព្ទម៉ាក Nokia កាលពីឆ្នាំមុន បានប្រកាសចេញនៅថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ នូវផលិតផលទូរស័ព្ទដៃ Nokia 6 ដោយពាំនាំមកជាមួយរចនាបថដ៏គួរឱ្យទាក់ទាញ មានតម្លៃទាប និងជ្រើសរើសយកទីផ្សារប្រទេសចិនមុនដំបូងគេ។

ស្មាតហ្វូនម៉ាក Nokia ដែលដំណើរការដោយប្រព័ន្ធ Android លើកដំបូងបង្អស់នេះ ប្រើប្រាស់អេក្រង់ទំហំ ៥.៥ អីុញ ខ្នាតបញ្ចាំងរូបភាព 1080p បន្ទះឈីប Snapdragon 430 កាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចសែល កាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចសែល RAM ទំហំ ៤ ជីហ្គាប៊ៃយ៍ តួខ្លួនលោហ:អាឡុយមីញ៉ូម ហើយវានឹងដាក់លក់ក្នុងតម្លៃ ១,៧០០ យ៉ន ស្មើនឹង ២៤៥ ដុល្លារ។

តាមការគូសបញ្ជាក់ពីក្រុមហ៊ុន ការជ្រើសរើសទីផ្សារប្រទេសចិនមុនគេ គឺដោយសារប្រទេសមួយនេះ មានអ្នកប្រើប្រាស់ស្មាតហ្វូនរហូតដល់ជាង ៥៥០ លាននាក់ ស្មើនឹងចំនួនប្រជាពលរដ្ឋអាមេរិកទូទាំងប្រទេសពីរដង។ ក្រុមហ៊ុនបានបន្ថែមទៀតថា ដើម្បីទទួលបានចំណែកទីផ្សារស្មាតហ្វូនធំមួយ ក្រុមហ៊ុននឹងបើកការប្រកួតប្រជែងជាមួយក្រុមហ៊ុនម្ចាស់ស្រុកផ្សេងៗដូចជា Oppo, Vivo, Huawei និង Xiaomi ជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុន HMD បានទិញសិទ្ធិលក់ទូរស័ព្ទ និងថេប្លេតម៉ាក Nokia ពីក្រុមហ៊ុន Microsoft នៅឆ្នាំ ២០១៦ ក្នុងតម្លៃទឹកប្រាក់ ៣៥០ លានដុល្លារ គឺទិញបន្តពីក្រុមហ៊ុន Microsoft ដែលបានទិញយកអាជីវកម្មទូរស័ព្ទ និងកម្មវិធីផែនទីរបស់ក្រុមហ៊ុន Nokia នៅឆ្នាំ ២០១៣ ក្នុងតម្លៃទឹកប្រាក់ ៧.២ ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន៖ cnet

មតិយោបល់