ព័ត៌មានបច្ចេកវិទ្យា

ទៀតហើយ! សូមកុំដាក់សាកថ្ម iPhone ក្បែរខ្លួនពេលគេងឱ្យសោះ ប្រយត្នដូចបុរសម្នាក់នេះ

បុរសវ័យ ៣២ ឆ្នាំម្នាក់ឈ្មោះ Wiley Day បានរងការរលាកស្បែកធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនបានលង់លក់ ខណ:ទូរសព្ទដៃ iPhone កំពុងដាក់សាកថ្មជាមួយហ្វ្រីភ្លើង​ចោល​​ក្បែរខ្លួន នៅលើគ្រែគេង។

លោក Wiley បាននិយាយប្រាប់គេហទំព័រ wayytv ថា នៅពេលលោកភ្ញាក់ឡើង លោកក៏ឃើញខ្សែកក្រឡៅដែករបស់ខ្លួនរមូលចូលជាមួយឆ្នាំងសាកថ្ម និងហ្វ្រីភ្លើង​។ គាត់បានឱ្យដឹងបន្ថែមថា គាត់ត្រូវកម្លាំងអគ្គិសនីឆក់ធ្លាក់ពីលើគ្រែ ប៉ុន្តែ គាត់​អាចផ្តាច់ខ្សែកចេញពីករបស់ខ្លួនទាន់ពេលវេលាបាន។​

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Apple មិនទាន់អាចសុំការផ្តល់សេចក្តីអធិប្បាយបាននៅឡើយទេ។ ទោះយ៉ាងណា លោក Day បាននិយាយថា គាត់រងការរលាកស្បែកត្រង់បរិវេណក និងដៃកម្រិតទី ២ និងទី ៣ ហើយគ្រូពេទ្យបានប្រាប់គាត់ថា គាត់សំណាងហើយដែលនៅរស់នោះ។

នៅលើទំព័រ Facebook របស់ខ្លួន លោក Day បាននិយាយថា គាត់មិនដឹងអ្វីដែលបានកើតឡើងចំពោះរូបគាត់នោះទេ ប៉ុន្តែ គាត់បានសប្បាយរីករាយបំផុតក្នុងការដែលក្លាយខ្លួនជាឧទាហរណ៍សម្រាប់អ្នកមិនទាន់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារការដាក់សាកគ្រឿងអេឡិចត្រូនិកពេលកំពុងគេងក្បែរខ្លួន។

គួររំឭកថា កន្លងមកថ្មីៗនេះ ក៏មានដែរករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ដោយសារដាក់ iPhone សាកថ្មលើដើមទ្រូងពេលកំពុងឋិតក្នុងអាងងូតទឹក

ប្រភពព័ត៌មាន: cnet

មតិយោបល់