ព័ត៌មានបច្ចេកវិទ្យា

កាន់ iPhone ស៊េរីចាស់ ចង់ថតរូបព្រាលផ្ទៃខាងក្រោយដូច iPhone 7 Plus មានទៅពិបាកអី!

ប្រិយមិត្តមួយចំនួន ប្រហែលជាដឹងហើយថា iPhone 7 Plus បំពាក់នូវមុខងារកាមេរ៉ា Portrait Mode អាចថតផលិតចេញនូវរូបព្រាលផ្ទៃខាងក្រោយនៃមនុស្សបាន ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីពទំនើបៗ។ ឥឡូវនេះ មានកម្មវិធីថ្មីមួយឈ្មោះ Tadaa ដែលអាចកែប្រែរូបថត ឲ្យមើលទៅប្រៀបដូចជារូបដែលបានថតចេញពីកាមេរ៉ា iPhone 7 Plus (Portrait Mode) អីចឹងដែរ។

កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ iDevices ស៊េរីក្រោម iPhone 7 Plus ដែលវាបានផ្តល់ជូននូវឧបករណ៍កែឆ្នៃរូបថតដ៏សែនទំនើប ផលិតចេញរូបដែលបានកែរួចក្នុងកម្រិត HD (មិនបាត់បង់គុណភាព)។

ជាងនេះទៅទៀតកម្មវិធីកែរូបថត Tadaa ដ៏ពេញនិយមនេះ ត្រូវបានដាក់ឲ្យដោនឡូដដោយឥតគិតថ្លៃ នៅក្នុងហាងកម្មវិធី AppStore។

ចុចទីនេះ ដើម្បីទាញយកកម្មវិធី Tadaa!

វិធីកែផ្ទៃខាងក្រោយនៃរូបថតឲ្យទៅជាព្រាល:

១ – ដោនឡូដ កម្មវិធី Tadaa រួចចុចបើកវា

២ – ផ្ទាំងកាមេរ៉ានឹងលោតចេញមក ប្រសិនបើអ្នកមានរូបថតហើយស្រាប់ សូមចុចលើរូបភាពដែលស្ថិតនៅខាងក្រោម កែងខាងស្តាំ

៣ – បន្ទាប់មក សូមជ្រើសរើសរូបថត ដែលមានមនុស្ស និងផ្ទៃខាងក្រោយស្រឡះ (ដើម្បីកែរូបបានស្អាត អ្នកត្រូវថតរូបប្រើកាមេរ៉ាខាងក្រោយ)

៤ – បន្ទាប់មកទៀត សូមចាប់ទាញឧបករណ៍នៅរបាខាងក្រោមមកឆ្វេង រួចចុចលើមឺនុយ Blur

៥ – បន្ទាប់ពីនោះ សូមចុចលើប៊ូតុង Create Mask រួចចុចលើប៊ូតុង ដៃចង្អុល ក្រោយមក​ អ្នកត្រូវយកដៃទៅអូសផាត់លើរូបមនុស្ស ភ្លាមៗ អ្នកនឹងឃើញពណ៌បៃតងថ្លា បង្ហាញចំពីលើរូបមនុស្ស ត្រង់បរិវេណដែលលោកអ្នកបានអូសលើ។ ចំណាំ: ការធ្វើបែបនេះ ដើម្បីចង់បញ្ជាក់ថា ត្រង់កន្លែងដែលបានផាត់យក កម្មវិធីនឹងមិនធ្វើឲ្យព្រាលឡើយ។

៦ – បើអ្នកគិតថា ការផាត់ពណ៌បៃតងលើរូបមនុស្ស មានភាពលើស សូមចុចលើប៊ូតុង ជ័រលុប រួចយកម្រាមដៃពីរ ពង្រីកចំទីតាំងដែរបម្រុងលុបចោលវិញ និងចាប់ផ្តើមធ្វើការលប់ឲ្យបានម៉ត់ចត់។

៧ – ក្រោយធ្វើការ Create Mask រួចរាល់ ត្រូវចុចលើសញ្ញាធីក បន្ទាប់មកសូមចុចលើប៊ូតុង All ដើម្បីមើលលទ្ធផល។ ចំណាំ: ប្រិយមិត្តអាចកែការ  Create Mask ឡើងវិញ ប្រសិនបើមានត្រង់ណាមិនពេញចិត្ត ដោយចុចលើប៊ូតុង Edit ផ្នែកខាងលើ រួចធ្វើតាមដូចការណែនាំនៅចំណុចទី ៥ – ៦

៨ – នៅផ្នែកខាងក្រោម មានរបាមួយឈ្មោះ Blur សម្រាប់ចាប់ទាញបន្ថែមបន្ថយកម្រិតនៃភាពព្រាល

៩ – ក្រោយពេលកែរូបថតចប់សព្វគ្រប់ហើយ លោកអ្នកច្បាស់ជាចង់ទាញរូបយកទុកក្នុងអាល់ប៊ុមកាមេរ៉ាជាមិនខាន។ ធ្វើដូច្នេះ លោកអ្នកគ្រាន់តែចុចលើប៊ូតុង ជ្រុងមានព្រួញបាញ់ចុះក្រោម នៅផ្នែកខាងលើ កែងខាងស្តាំ រួចកម្មវិធីនឹងធ្វើការទាញរូបដែលបានកែរួច ទៅដាក់ក្នុងកម្មវិធី Photos ដោយស្វ័យប្រវត្តិ៕

មតិយោបល់