Post News Media ព័ត៌មានបច្ចេកវិទ្យា ដំណឹងល្អ! iPh...

ដំណឹងល្អ! iPhone 8 អាចនឹងមិនថ្លៃកប់ដូចការគិតនោះទេ

យោងតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន UBS បានប៉ាន់ប្រមាណថា ទូរសព្ទ iPhone ជំនាន់បន្ទាប់របស់ ក្រុមហ៊ុន Apple នឹងមិនមានតម្លៃខ្ពស់កប់ដល់ ១,០០០ ដុល្លារ ដូចការគិត និងអំណះអំណាងពីប្រភពព័ត៌មានកន្លងមកនោះទេ​ វាប្រហែលជាថ្លៃចន្លោះពី ៨៥០ ដុល្លារ ទៅ ៩០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យ ៦៤ ជីហ្គាបៃយ៍។

លោក Stenven Milunovich និង Benjamin Wilson អ្នកឯកទេសខាងវិភាគមកពីក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ UBS បានលើកឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា «Apple គឺប្រណិតតែលើម៉ាកសញ្ញាប៉ុណ្ណោះ ម្លោះហើយ ផលិតផលទូរសព្ទរបស់ក្រុមហ៊ុននេះ ទំនងជាមិនទាន់អាចនឹងហក់ដល់តម្លៃ ១,០០០ ដុល្លារ នោះទេ»។

អ្នកវិភាគទាំងពីរបន្ថែមថា «Apple នឹងមិនសាកល្បងលក់ចេញទូរសព្ទជំនាន់បន្ទាប់របស់ខ្លួនក្នុងតម្លៃមួយដែលខ្ពស់ជាង Samsung Galaxy S8 Plus ដែលមានតម្លៃ ៨៥០ ដុល្លារឡើយ ដោយសារតែអេក្រង់របស់វាតូចជាង»។ ពោលគឺ អេក្រង់ Galaxy S8 Plus មានទំហំ ៦.២ អ៊ីញ ធំជាងអេក្រង់ iPhone 8 ដែលត្រូវគេរំពឹងថានឹងមានទំហំ ៥.៨ អ៊ីញ។

Milunovich និង Wilson រំពឹងថា iPhone ស៊េរីឆ្នាំ ២០១៧ នឹងមានតម្លៃចាប់ពី ៩៥០ ដុល្លារ ទៅ ១,០០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យធំបំផុត ២៥៦ ជីហ្គាបៃយ៍ ដែលនេះ គឺមិនលើសខ្វះគ្នាពី iPhone 7 Plus ទំហំ ២៥៦ ជីហ្គាបៃយ៍ បច្ចុប្បន្ន ដែលមានតម្លៃ ៩៧០ ដុល្លារ នោះទេ។

គួររំឭកថា ការរំពឹងទុកនូវតម្លៃថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីមានរបាយការថ្មីថា Apple នឹងពន្យាពេលថ្ងៃប្រកាសចេញផលិតផល iPhone ជំនាន់បន្ទាប់របស់ខ្លួន និងកន្លងមក មានប្រភពជាច្រើនបានប៉ាន់ប្រមាណថា iPhone 8 នឹងមានតម្លៃ ១,០០០ ដុល្លារ ដោយ​សារតែការវា នឹងត្រូវបានប្តូរទៅប្រើប្រាស់អេក្រង់ OLED ស៊ុមផលិតពីលោហ:មិនចេះឆ្កូត និងសម្បកកញ្ចក់នៅខាងក្រោយ៕

ប្រភពព័ត៌មាន: businessinsider

Loading...