ព័ត៌មានបច្ចេកវិទ្យា

តុលាការចិនបង្គាប់ឱ្យ Samsung សង Huawei ១១$ លាន ពាក់ព័ន្ធករណីល្មើសប៉ាតង់

តុលាការនៃប្រទេសចិនមួយ បានសម្រេចបង្គាប់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Electronics បង់ថ្លៃសំណងជាទឹកប្រាក់ចំនួន ៨០ លានយ៉ន (ស្មើនឹង ១១.៦ លានដុល្លារ) ទៅក្រុមហ៊ុន Huawei Technologies ជុំវិញបទល្មើសប៉ាតង់ ដែលនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនចិនឈ្នះក្តីក្រុមហ៊ុន Samsung លើបណ្តឹងកម្មសិទ្ធបញ្ញា។

យោងគេហទំព័រព័ត៌មាន Quanzhou Evening News ដែលគ្រប់គ្រងដោយរដ្ឋចិន ចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ បានឱ្យដឹងថា ក្រុមហ៊ុនសាខា Samsung ចំនួន ៣ ត្រូវបានតុលាការទីក្រុង Quanzhou បង្គាប់ឱ្យផ្តល់សំណងពាក់ព័ន្ធនឹងការល្មើលកម្មសិទ្ធប៉ាតង់ កាន់កាប់ដោយក្រុមហ៊ុន Huawei Device Co Limited ដែលជាក្រុមហ៊ុនផ្នែកទូរសព្ទចល័តរបស់ Huawei។

សាលក្រមនេះ គឺធ្វើឡើងជាលើកដំបូងទៅលើពាក្យបណ្តឹងមួយចំនួន ក្នុងចំណោមបណ្តឹងជាច្រើនរបស់ក្រុមហ៊ុន Huawei ដាក់ទៅកាន់តុលាការប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងខែមិថុនា ប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Hauwei បានថ្លែងស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការ ខណ:ក្រុមហ៊ុន Samsung ថា ខ្លួននឹងធ្វើការប្តឹងទាស់វិញ ក្រោយពីពិនិត្យទៅលើការសម្រេចរបស់តុលា ការ រួចរាល់។

ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុង Quanzhou ប្រឆាំងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ ៥ របស់ក្រុមហ៊ុន Samsung ក្នុងប្រទេសចិន និងក្នុងទីក្រុង Huizhou និង Tianjin សម្រាប់ការផលិត និងលក់ផលិតផលថេប្លេត និងស្មាតហ្វូនជាង ២០ ម៉ូឌែល ដែលខ្លួនអះអាងថា បានលួចចម្លងប៉ាតង់កម្មសិទ្ធបញ្ញារបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានទាមទារសំណងសម្រាប់ផលិតផលជាង ៣០ លានគ្រឿង រាប់បញ្ចូលទាំង Galaxy S7 ដែលបានលក់ចេញ ១២.៧ ពាន់លានដុល្លារ។ នេះបានយោងតាមរបាយការណ៍ពីប្រភពព័ត៌មានដដែល។

តុលាការបានបង្គាប់ឱ្យក្រុមហ៊ុនទាំង ៥ របស់ Samsung ឈប់រំលោភលើកម្មសិទ្ធបញ្ញារបស់ Huawei និងក្រុមហ៊ុន ៣ ផ្សេងទៀត សងការខូចខាត៕

ប្រភពព័ត៌មាន: reuters

មតិយោបល់