ព័ត៌មានបច្ចេកវិទ្យា

រថយន្តអគ្គិសនី SUV ថ្មីរបស់ Hyundai អាចបរបាន ៨០០ គីឡូម៉ែត្រ នឹងបង្ហាញឡើងឆ្នាំក្រោយ

ក្រុមហ៊ុន Hyundai គ្រោងនឹងតាំងបង្ហាញរថយន្តអគ្គិសនីប្រភេទទ្វារប្រាំ (SUV) ដើរដោយថាមពលអីដ្រូសែនម៉ូឌែលថ្មី ដែលអាចធ្វើដំណើរបានលើចម្ងាយផ្លូររហូតដល់ ៨០០ គីឡូម៉ែត្រ នារដូវកាលប្រកួតកីឡាអូឡាំពិកខាងមុខ។

ការប្រកាសនេះ គឺស្តែងឡើងតាមរយ:ផែនការរយ:វែងមួយរបស់ក្រុមហ៊ុន ក្នុងការនាំយកប្រភេទរថយន្តដែលមានសមត្ថភាព និងប្រសិទ្ធភាពថាមពលដំណើរការកាន់តែខ្ពស់ចូលក្នុងទីផ្សារ បន្ទាប់ពីរថយន្តឋិតក្នុងសែស្រឡាយដូចគ្នាម៉ូឌែល Ioniq​ និង ix35។

ក្រុមហ៊ុន Hyundai បាននិយាយថា គ្រោងការបង្កើតរថយន្តដើរដោយថាមពលអគ្គិសនីថ្មីមួយនេះ គឺកំពុងប្រព្រឹត្តទៅ ហើយខ្លួននឹងផលិតចេញរថយន្តម៉ូឌែល SUV ដើរដោយថាមពល Fuel-Cell ទាំងស្រុងមួយ នៅរយ:កាលពីរបីឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន Bloomberg រថយន្ត SUV ថ្មីនោះ នឹងអាចរត់បានចម្ងាយផ្លូវវែងជាងរថយន្តរបស់ក្រុមហ៊ុន Toyota និង Honda ហើយវានឹងដាក់បង្ហាញព្រមជាមួយរថយន្តក្រុងដើរដោយថាមពលដូចគ្នា នៅអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា​ នាទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៨។

រថយន្ត SUV ដែលនឹងមកដល់នាពេលខាងមុខនេះ គឺត្រូវបានតាំងបង្ហាញរួចទៅហើយដែរ ជាមួយគំរូរបស់វាឈ្មោះ FE Fuel Cell នៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវ Geneva Motor Show កាលពីខែមុន ហើយវាអាចបរបានចម្ងាយផ្លូវប្រមាណ ៥០០ ម៉ៃយ៍ ឬ ៨០០ គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពល Fuel-Cell ម្តងពេញៗ។

ក្រុមហ៊ុន Hyundai មិនត្រឹមតែចង់ឈានមុខគេលើរយ:ចម្ងាយដែលរថយន្តប្រភេទគ្មានបំភាយផ្សែងពុលអាចបរបានប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមហ៊ុនក៏ចង់ឈានមុខគេលើប្រព័ន្ធបច្ចេកវិទ្យាបំពាក់លើរថយន្តផងដែរ។

លោក Kim Sae-hoon ដែលជាអ្នកទទួលខុសត្រូវលើបច្ចេកវិទ្យា Feul-Cell របស់ក្រុមហ៊ុន Hyundai បានថ្លែងថា «យើងចង់ឈានមុខគេលើបម្លាស់ប្តូរនៃបច្ចេកវិទ្យា»។ «នៅពេលដែលមានការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងកកើតបច្ចេកវិទ្យាថ្មីៗ វាផ្តល់នូវឱកាសថ្មីដល់ពួកយើង»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai កន្លងមក បានលក់រថយន្តម៉ូឌែល ix35 ដែលដើរដោយថាមពល Fuel-Cell សរុបបានចំនួន ២៤២ គ្រឿង ខណ:ក្រុមហ៊ុន Toyota លក់រថយន្ត Mirais របស់ខ្លួនបាន ២០៥០ គ្រឿង ក្នុងនោះ ១០០០ គ្រឿង លក់ក្នុងប្រទេសជប៉ុន។

រួចមកហើយ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសដាក់ចេញគោលដៅរថយន្តដើរដោយថាមពលអីដ្រូសែន ឱ្យបង្ហាញវត្តមាននៅលើដងផ្លូវលើសពី ១០,០០០ គ្រឿង នាំចេញឱ្យបាន ១៤,០០០ គ្រឿង និងដំឡើងស្ថានីយ៍សម្រាប់សាកថាមពល Fuel-Cell ឱ្យបានជាង ១០០ កន្លែង មុនឆ្នាំ ២០២០។ ផែនការនេះដែរ គឺត្រូវបានក្រុមប្រឹក្សាថាមពលអីដ្រូសែន Hydrogen Council កាលពីដើមឆ្នាំ ដោយសង្ឃឹមថា នឹងចំណាយទុនវិនិយោគជាង ១០ ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន: insideevs

មតិយោបល់