ព័ត៌មានបច្ចេកវិទ្យា

គួរឱ្យខ្លាច! Hacker អាចប្រើទិចនិកថ្មី លួចព័ត៌មានក្នុងទូរសព្ទ iPhone និង Android ដោយមិនខ្វល់ពីប្រព័ន្ធ Fingerprint ឬ Iris Scanner

ការសិក្សាថ្មីមួយរកឃើញថា បច្ចុប្បន្នចោរព័ត៌មានវិទ្យា ឬ Hacker អាចប្រើប្រាស់ Sensor ទូរសព្ទ ដើម្បីលួចយកលេខ PIN កូដ និងចម្លងយកទិន្នន័យ ឬព័ត៌​មាន​សំខាន់ៗលើទូរសព្ទបាន បើទោះជាទូរសព្ទនោះ មានបំពាក់ប្រព័ន្ធស្គេនក្រយៅដៃ (Fingerprint) និងប្រស្រីភ្នែក (Iris scanner) ក៏ដោយ។

ក្នុងរបាយការណ៍កម្រាស់ ៦៦ ទំព័រ មានចំណងជើងថា Information Security and Application សិក្សាលើកម្មវិធី និងសន្តិសុខព័ត៌មាន បានឱ្យដឹងថា ពពួកទូរសព្ទដៃទំនើបៗត្រូវបានភ្ជាប់មកជាមួយ Sensor នាជាច្រើន ដូចជា Camera, Microphone, GPS, accelerometers និង gyroscopes ជាដើម ដែលពួកវាទាំងនេះ អាចផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ពួក Hacker ប្រើដើម្បីការប្រមូលទិន្នន័យ និងកំណត់ដឹងពីសកម្មភាពដែលអ្នកប្រើប្រាស់មាន ឬធ្វើនៅលើទូរសព្ទរបស់ពួកគេបាន រាប់បញ្ចូលទាំងការវាយបញ្ចូលលេខសម្ងាត់ដើម្បីដោះ​សោផងដែរ។

ការសិក្សាដដែលរកឃើញទៀតថា ចោរព័ត៌មានវិទ្យាអាចនឹងលួចចាក់បញ្ចូលកូដមេរោគតូចមួយសម្រាប់បញ្ជាលើ Sensor ដែលមានជាទូទៅជាងគេលើស្មាតហ្វូន ហើយបញ្ឆោតឱ្យអ្នកប្រើប្រាស់វាយបញ្ចូលលេខកូដសម្ងាត់លើទូរសព្ទរបស់ខ្លួនតាមរូបភាពណាមួយ។

ទោះយ៉ាងនេះក្តី ក្រុមអ្នកសិក្សាពុំទាន់រកឃើញមានករណីនៃការប្រើប្រាស់វិធីសាស្រ្តនេះ ដើម្បីលួចយកទិន្នន័យចេញពីស្មាតហ្វូននៅឡើយទេ ប៉ុន្តែ វាពិតជាគួរឱ្យខ្លាច ខណ:ថ្មីៗនេះ ស្ថាបនិក Wikileaks បានគំរាមក្រុមហ៊ុន Apple រួចទៅហើយថា ខ្លួននឹងទម្លាយឧបករណ៍សម្រាប់លួចយកព័ត៌មានពីទូរសព្ទដៃ iPhone ដែលប្រើប្រាស់ដោយក្រុមស៊ើបការសម្ងាត់ CIA របស់អាមេរិក

លោកដុកទ័រ Maryam Mehrnezhad ដែលជាសហនិពន្ធទិន្នានុប្បវត្តិ Information Security and Application បានសរសេរនៅលើប្លុកមួយឈ្មោះ Newcastle University ថា «ការសិក្សារបស់យើងបញ្ជាក់ថា ភាសាកូដ JavaScript អាចត្រូវបានគេបង្កើតឡើងដាក់បង្កប់ក្នុងកម្មវិធីសម្ងាត់អ្វីមួយ ដើម្បីស្រង់យកព័ត៌មានរសើបរបស់អ្នកប្រើប្រាស់ តាម Sensor សម្រាប់តម្រង់​ទិស និងចលនាលើទូរសព្ទ ដោយពុំចាប់បាច់មានការអនុញ្ញាត្តឡើយ។

លោកបន្ថែមថា «អាត្រានៃភាពជោគជ័យក្នុងការប្រើប្រាស់វិធីសាស្រ្តនេះ ដើម្បីប្រមែប្រមូលទិន្នន័យពីម្ចាស់ទូរសព្ទស្មាតហ្វូន គឺឋិតក្នុងកម្រិតមួយខ្ពស់ ពោល ការកំណត់ដឹងលេខកូដសម្ងាត់ PIN ដែលដាក់នៅលើទូរសព្ទដើរដោយប្រព័ន្ធ Android មានរហូតដល់ ៧០ ភាគរយ និង ៥៦ ភាគរយ នៅលើទូរសព្ទដើរដោយប្រព័ន្ធ iOS (iPhone)»។

លោក Maryam ព្រមានថា ដើម្បីជៀសវាងការបែកធ្លាយ ឬបាត់បង់ទិន្នន័យ ក៏ដូចជាព័ត៌មានសំខាន់ៗនៅលើទូរសព្ទរបស់ខ្លួន អ្នកប្រើប្រាស់គួរប្រយត្នប្រយែងកុំចុចផ្តេសផ្តាស់លើកំណភ្ជាប់ណាចំឡែកៗ ជាពិសេស នៅលើកម្មវិធី Chrome, Firefox, និង Safari តែម្តង៕

ប្រភពព័ត៌មាន: mashable

មតិយោបល់