ព័ត៌មានបច្ចេកវិទ្យា

ចេញអស់ហើយ! រថយន្តទំនើបកប់ទាំង ១០ ស៊េរី ក្នុងពិព័រណ៍រថយន្តក្រុងញូយ៉ក ២០១៧

ជារៀងរាល់ខែមេសា ពិភពលោកតែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍រថយន្តមួយ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក New York Auto Show ដើម្បីបើកឱកាសដល់ក្រុមហ៊ុនផលិតរថយន្តនានា ប្រកាសចេញ ឬតាំងបង្ហាញសមិទ្ធផលរថយន្តជំនាន់ចុងក្រោយបង្អស់ ឬគំរូរថយន្តថ្ងៃអនាគតរបស់ពួកគេ ឱ្យសាធារណជនបានដឹង និងស្គាល់។

សម្រាប់ឆ្នាំ ២០១៧ នេះ ក៏ដូច្នោះដែរ។ ក្នុងនោះ គេឃើញមានរថយន្តទំនើបកប់ស៊េរីរបស់ក្រុមហ៊ុនចំនួន ១០ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុត ក្នុងអំឡុងព្រឹត្តិការណ៍ប្រចាំឆ្នាំនោះ ហើយ Post Tech សូមលើកយកមកបង្ហាញនូវរូបរាង និងលក្ខណ:សម្បត្តិសំខាន់ៗរបស់វាមួយចំនួន ជូនប្រិយមិត្តបានឃើញ និងជ្រាបដូចខាងក្រោម៖

១- Porsche Panamera Turbo S E-Hybrid ស៊េរីឆ្នាំ ២០១៧

  • បំពាក់ម៉ាស៊ីន Hybrid ដើរដោយថាមពលអគ្គិសនី និងប្រេងសាំង (មានឌុយសាកអាគុយ)
  • អាចផលិតថាមពល ៦៨០ សេះ តាមរយ:ម៉ាស៊ីន V8 ចំណុះ ៤ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១៣៦ សេះ
  • អាចបង្កើនសន្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ៣.២ វិនាទី និងមានល្បឿនអតិបរមា ៣០៨ គីឡូម៉ែត្រ/ម៉ោង
  • ដើររត់ដោយថាមពលអគ្គិសនីបានចម្ងាយ ៥០ គីឡូម៉ែត្រ
  • តម្លៃចាប់ពី ១៨៤,៤០០ ដុល្លារ។

២- Cadillac CT6 ស៊េរីឆ្នាំ ២០១៧

  • បំពាក់ប្រព័ន្ធស្វ័យបើកបរ អនុញ្ញាតឱ្យអ្នកបើកបរដកដៃចេញពីចង្កូត និងដកជើងចេញពីឈ្នាន់ហ្វ្រាំង និងហ្គែរបាន ជាពិសេសលើផ្លូវក្រៅក្រុង
  • បំពាក់ម៉ាស៊ីនស៊ីឡាំងបួន ចំណុះ ២.០ លីត្រ អាចផលិតថាមពល ២៦៥ សេះ និងបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលា ៦.៤ វិនាទី
  • តម្លៃចាប់ពី ៥៥,១៩៥ ដុល្លារ។

៣- Lamborghini Huracan Performante ស៊េរីឆ្នាំ ២០១៨

  • បំពាក់ម៉ាស៊ីន V10 ចំណុះ ៥.២ លីត្រ អាចផ្តល់ថាមពល ៦៣០ សេះ និងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹម ៣ វិនាទី
  • អាចគាំទ្រជាមួយប្រព័ន្ធ Apple CarPlay
  • បំពាក់ស្លាបចាក់ខ្យល់ពិសេសនៅខាងក្រោយ សម្រាប់ជួយទប់លំនឹង និងបង្កើននូវកម្លាំងសង្កត់ក្នុងពេលកំពុងរត់ក្នុងល្បឿនលឿន
  • ស្តេចគោស៊េរីថ្មីនេះ មានរហ័សនាមខ្យល់ព្យុះសង្ឃរា ដែលស៊ីទៅនឹងកម្លាំងចលករដ៏ខ្លាំងមហិមារបស់វា។

៤- Lexus LS 500 F Sport ស៊េរីឆ្នាំ ២០១៨

  • បំពាក់ម៉ាស៊ីន Turbo ភ្លោះ V6 ចំណុះ ៣.៥ លីត្រ ដែលអាចផ្តល់នូវកម្លាំងថាមពល ៤១៥ សេះ និងសន្ទុះល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ជាមួយថេរវេលា ៤.៥ វិនាទី
  • ប្រព័ន្ធស៊ីមាំងខ្យល់ក្រហឹមសម្លេងបែបស្ព័រ ជាមួយប្រព័ន្ធសំឡេង 3D Mark Levinson ជំនាន់ចុងក្រោយបង្អស់
  • សម្រាប់ជម្រើសម៉ូឌែល Hybrid ដែលមានឌុយសាកបញ្ចូលថាមពលអគ្គិសនី នឹងមកដល់ឆាប់ៗ។

៥- Lucid Motors Air

  • ជាគំរូរថយន្តសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុនរថយន្ត Lucid Motors ដើរដោយថាមពលអគ្គិសនី ១០០ ភាគរយ
  • អាចផលិតកម្លាំងរហូតដល់ ១០០០ សេះ និងបរបានចម្លាយជាង ៦០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រ/ម៉ោង
  • នឹងមានការរចនាឱ្យមានលក្ខណ:ខុសប្លែកពីគេទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន
  • ម៉ូឌែលមូលដ្ឋានរបស់វា ដែលមានកម្លាំងម៉ាស៊ីន ៤០០ សេះ អាចរត់បានចម្ងាយជិត ៤០០ គីឡូម៉ែត្រ នឹងដាក់លក់ក្នុងតម្លៃ ៦០,០០០ ដុល្លារ ប៉ុន្តែ អតិថិជនត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១៩។

៦- Jaguar F-Pace ស៊េរីឆ្នាំ ២០១៧

  • ឈ្នះពានរថយន្តដែលមានរចនាបថល្អបំផុតក្នុងលោកក្នុងឆ្នាំ ២០១៧
  • បំពាក់ម៉ាស៊ីន V6​ ផ្តល់នូវកម្លាំងថាមពល ៣៨០ សេះ និងអាចបង្កើនសន្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលា ៥.១ វិនាទី
  • បំពាក់ប្រព័ន្ធសំឡេងកម្លាំង ៨២៥ វ៉ាត់ និងអេក្រង់សម្រាប់ផ្តល់ព័ត៌មានកម្សាន្តប្រភេទប៉ះបញ្ជាទំហំ ១២.៣ អីុញ
  • មានតម្លៃចាប់ពី ៤២,០៦៥ ដល់ក្រោម ៦០,០០០ ដុល្លារ។

៧- Toyota FT-4X

  • រចនាឡើងសម្រាប់បំពេញតម្រូវការបើកបរទាំងក្នុងទីក្រុង និងសម្រាប់ដំណើរកម្សាន្តប្រភេទបោះជំរំ
  • វាមានប្រឡោះ និងថតសម្រាប់ទុកដាក់សម្ភារបោះជំរំយ៉ាងសម្បូរបែប ដូចជាតង់ និងកៅស៊ូក្រាលជាដើម
  • កំណាត់រថយន្តខាងក្រោយធំទូលាយ អាចភើចកម្រាលក្តាររបស់វាចេញ ដើម្បីអង្គុយនៅពេលឈប់សំចតលើឆ្នេរខ្សាច់បាន
  • វិទ្យុអាចដោះចេញយកទៅស្តាប់នៅខាងក្រៅរថយន្តបានយ៉ាងងាយស្រួល
  • សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃវត្តមានរបស់វានៅលើទីផ្សារ មិនទាន់ត្រូវបានកំណត់ចេញនៅឡើយ ប៉ុន្តែ វានឹងផលិតចេញក្នុងពេលឆាប់ៗខាងមុខ តាមដែលអាចធ្វើទៅបាន។

៨- Lincoln Navigator ស៊េរីឆ្នាំ ២០១៨

  • ជាម៉ាកពេញនិយមនៅអាមេរិកក្នុងចំណោមរថយន្តប្រភេទ SUV ឬទ្វារប្រាំ
  • បំពាក់ម៉ាស៊ីន Turbo ភ្លោះ V6 ចំណុះ ៣.៥ លីត្រ អាចផលិតថាមពល ៤៥០ សេះ
  • បំពាក់ប្រព័ន្ធអំពូល LED ប្រែប្រួលកម្រិតពន្លឺដោយស្វ័យប្រវត្តិតាមកម្រិតល្បឿនរថយន្តកំពុងរត់ ហើយវារំលេចឡើងនៅពេលដែលម្ចាស់ដើរទៅជិត
  • បំពាក់អេក្រង់ ១២ អីុញ រន្ធ USB ចំនួន ៦ និងកាមេរ៉ា ៣៦០ ដឺក្រសម្រាប់មើលទិន្នភាពជុំវិញរថយន្ត។

៩- Mercedes-AMG GT

  • ជាគំរូរថយន្តស្ព័រកម្លាំងខ្លាំងសម្រាប់ថ្ងៃអនាគត ដែលត្រូវបានរចនាឡើងតាមរថយន្តប្រណាំង Formula 1ម៉ាស៊ីន
  • បំពាក់ម៉ាស៊ីន Hybrid មាន ៨ ស៊ីឡាំង ដោយមានជំនួយពីម៉ូទ័រអគ្គិសនីថាមពលខ្ពស់ ដែលអាគុយរបស់វាសាកនៅពេលកំពុងបើកបរ
  • វាអាចផលិតថាមពលរហូតដល់ ៨០០ សេះ និងបង្កើតសន្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹម ៣ វិនាទី
  • មានបំពាក់ស្លាបចាក់ខ្យល់នៅខាងក្រោយដើម្បីជួយទប់លំនឹងពេលកំពុងបើកបរក្នុងល្បឿនលឿន។

១០- Honda Clarity Plug-in Hybrid ស៊េរីឆ្នាំ ២០១៨

  • ត្រូវបានរចនាឡើងជាមួយតួដែលអាចបំពាក់ម៉ាស៊ីនគ្រប់ប្រភេទ រាប់បញ្ចូលទាំងម៉ាស៊ីនប្រើសាំង និងម៉ូទ័រអគ្គិសនីទាំងស្រុង
  • នឹងចេញមកជាមួយជម្រើសម៉ាស៊ីនដើរដោយថាមពល Fuel-Cell (គ្មានបំភាយឧស្ម័នពុលប៉ះពាល់បរិស្ថាន) និងអគ្គិសនី
  • សម្រាប់ជម្រើសម៉ាស៊ីន Hybrid មានឌុយសម្រាប់សាកបញ្ចូលថាមពលអគ្គិសនីត្រូវគេរំពឹងថា នឹងចេញនៅបំណាច់ឆ្នាំនេះ
  • អាចរថដោយថាមពលអាគុយក្នុងចម្ងាយផ្លូវ ៦៧ គីឡូម៉ែត្រ មុនពេលដែលអ្នកបើកបរត្រូវតែចុចផ្លាស់ប្តូរទៅម៉ាស៊ីនហ្គាសបួនស៊ីឡាំងរបស់វា
  • សម្រាប់តម្លៃត្រូវបានគេរំពឹងថា នឹងចេញលក់ខ្ទង់ ៣៥,០០០ ដុល្លារ៕

ប្រភពព័ត៌មាន: tomsguide

មតិយោបល់