ព័ត៌មានបច្ចេកវិទ្យា

ដោយសារអត់ស្គាល់ iPhone ច្បាស់ ចោរម្នាក់ត្រូវស៊យធំ ក្រោយលួចវាបាន ១០០ គ្រឿង

ចោរដៃឆើតម្នាក់ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួននៅថ្ងៃសុក្រ សប្តាហ៍មុននេះ បន្ទាប់ពីរូបគេលួចទូរសព្ទដៃ iPhone បានចំនួន ១០០ គ្រឿង ដាក់ក្នុងកាបូបស្ពាយ ហើយភ្លេចគិតថា ទូរសព្ទដៃទំនើបប្រភេទនេះ មានបំពាក់មុខងារ Find My iPhone ដែលអាចចាប់សញ្ញា​ទីតាំងដែលវាកំពុងឋិតនៅបាន។

ការចាប់ខ្លួនបុរសវ័យ ៣៦ ឆ្នាំ ឈ្មោះ Reinaldo De Jesus Henao នេះ គឺធ្វើឡើងបន្ទាប់ពីមានអ្នកដែលទៅចូលរួមពិធីបុណ្យ Coachella មួយចំនួន បានបាត់ទូរសព្ទ iPhone របស់ពួកគេ រួចពួកគេក៏បើកដំណើរការមុខ​​ងារ Find My iPhone បន្ទាប់មក ក៏បានតាមដានរកឃើញទូរសព្ទរបស់ពួកខ្លួនកំពុងឋិតក្នុងកាបូបស្ពាយរបស់ Henao។ នេះបើយោងតាមការថ្លែងឱ្យដឹងពីនាយកដ្ឋានប៉ូលិសក្រុង Indio រដ្ឋ California សហរដ្ឋ​អាមេ​រិក​។

ពិធីបុណ្យសិល្ប: និងតន្តី្រ នៅតំបន់ Coachella Valley តែងតែជាឱកាសមាសសម្រាប់ក្រុមចោរក្នុងការចូលបន្លំខ្លួនក្នុងហ្វូងមហាជនដែលកំពុងរីករាយទស្សនាការប្រគំតន្រ្តី ដើម្បីលួចយកទូរសព្ទ ក៏ដូចជាវត្ថុមានតម្លៃផ្សេងៗ។ ម្លោះហើយទើបចោរជំនាញមកពីទីក្រុង New York រូបនេះ អាចលួចបានទូរសព្ទក្នុងចំនួនដ៏ច្រើនដូច្នេះ។

ទោះយ៉ាងណា ក្រោយពីបានចាប់ឃុំខ្លួននៅឯមណ្ឌលកែប្រែមួយកន្លែង ក្រោមចោទចោរកម្ម មិនបានប៉ុន្មាន​ផង រូបគេក៏ទទួលបានសេរីភាពដើរហើរវិញ ប៉ុន្តែ ឋិតក្រោមការតាមដាន ក្រោយពីបានបង់ប្រាក់ធានានៅក្រៅឃុំ ១០,០០០ ដុល្លារ​។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ KMIR៕

ប្រភពព័ត៌មាន: theustimes

ចុចត្រង់នេះ ដើម្បីស្វែងយល់ និងដឹងពីរបៀបប្រើប្រាស់មុខងារ Find My iPhone។

មតិយោបល់