Post News Media ព័ត៌មានបច្ចេកវិទ្យា ក្រុមហ៊ុន App...

ក្រុមហ៊ុន Apple ចង់លក់ iPhone ស៊េរីថ្មីឲ្យបាន ២៣០ លានគ្រឿង ពិតជាអាចទៅរួច

សារព័ត៌មាន DigiTimes បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple ចង់លក់ iPhone ស៊េរីថ្មីឲ្យបានចំនួនរហូតដល់ ២៣០ លានគ្រឿង។ បើតាមរបាយការណ៍ពីមុនអះអាងថា ក្រុមហ៊ុន Apple បានធ្វើការបញ្ជាទិញអេក្រង់ OLED ចំនួន ៩៥ លានបន្ទះពីក្រុមហ៊ុនអេឡិចត្រូនិក Samsung ប៉ុន្តែនៅពុំទាន់ច្បាស់ថា អេក្រង់ទាំងនោះនឹងយកមកបំពាក់លើ iPhone ខួប ១០ ឆ្នាំ ឬក៏ចែកចាយដល់ iPhone 7s ផងដែរឬយ៉ាងណាឡើយ។ មិនថាបំពាក់លើម៉ូឌែលណាមួយទេ ក្រុមហ៊ុន Apple គឺកំពុងតែបញ្ជាទិញអេក្រង់ OLED ស្ទើរតែជិត ១០០ លានបន្ទះទៅហើយ សម្រាប់ផ្គត់ផ្គង់ iPhone ស៊េរីថ្មីរបស់ខ្លួនក្នុងឆ្នាំ ២០១៧ នេះបានសេចក្តីថា ក្រុមហ៊ុនបច្ចេកវិជ្ជានេះកំពុងរៀបចំខ្លួនរួចជាស្រេចក្នុងការចេញប្រយុទ្ធ។

ប្រភពដដែលក៏បានបង្ហាញដែរថា Apple គឺកំពុងតែបញ្ជាទិញបន្ទះឈីប ៥០ លានឈុត ក្នុងមួយត្រីមាស សម្រាប់ iPhone ដែលត្រៀមនឹងចេញមក។ ចំណែកឯក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងបរិក្ខារមានដូចជា ADI, Broadcom, Cirrus Logic, Cypress, NXP, Qualcomm, STMicroelectronics និង TI ត្រូវបានរាយការណ៍មកថា កំពុងតែចាប់ផ្តើមផលិតទំនិញ នៅអំឡុងត្រីមាសទី ២ នេះ (ខែមេសា – មិថុនា)។ ហើយពួកគេ នឹងរួសរាន់បញ្ចប់ការផលិតនៅដើមត្រីមាសទី ៣ ដើម្បីបំពេញតម្រូវការ iPhone ស៊េរីថ្មីក្នុងឆ្នាំនេះ។

យោងតាមអ្នកជំនាញវិភាគ IT Hardware ឈ្មោះ Steven Mulinovich បានឲ្យដឹងថា iPhone សម្រាប់គម្រប់ ១០ ឆ្នាំនឹងមានតម្លៃចាប់ពី ៨៥០ ដុល្លារ – ៩០០ ដុល្លារ ជាមួយអង្គផ្ទុកទិន្នន័យ 64GB ខណ:ដែល iPhone 7s និង 7s Plus នឹងដាក់លក់តម្លៃចាប់ពី ៦៥០ ដុល្លារ និង ៧៥០ ដុល្លារ ទៅតាមទីផ្សារ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple បានលក់ iPhone 7 និង 7 Plus អស់ចំនួន ៧៨.៣ លានគ្រឿង។​ ហេតុដូចនេះ បើតាមការចង់លក់ឲ្យលើសចំនួន ៨០ លានគ្រឿង ក្រោមការតាំងចិត្តយ៉ាងមុះមុតរបស់គេ ទៅលើ iPhone ដែលត្រៀមបង្ហាញខ្លួននោះ គឺពិតជាអាចធ្វើទៅរួច៕

ប្រភព ៖ phonearena

Loading...