ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Acer ប្រកាសចេញកាមេរ៉ាថតរូប 360 មានប្រព័ន្ធ 4G ស្រាប់ មុនដំបូងបង្អស់របស់ពិភពលោក

ក្រុមហ៊ុន Acer បានប្រកាសចេញកាមេរ៉ាថតរូបបែបរង្វិលជុំ ៣៦០ ដឺក្រេ ដំបូង​បង្អស់របស់ពិភពលោក ដោយមានបំពាក់ប្រព័ន្ធ LTE 4G រួចជាស្រេច នៅឯវេ​ទិកា​សន្និសិទ្ធសារព័ត៌មានជាសកលប្រចាំឆ្នាំមួយរបស់ខ្លួន នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍មុននេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Acer លោក Jason Chan បានថ្លែងថា Holo 360 គឺជាកាមេរ៉ាថតរូប ៣៦០ ដឺក្រេ មុនដំបូងគេបង្អស់ដែលមិនត្រូវការការត​ភ្ជាប់​ទៅកាន់ទូរសព្ទដៃណាមួយឡើយ ហើយវាក៏អាចប្រើសម្រាប់ការហៅ​ទូរសព្ទ​ចេញ​ផងដែរ ប៉ុន្តែ លោកគិតថា អ្នកប្រើប្រាស់នឹងមិនធ្វើត្រូវការប្រើវានៅលើកាមេរ៉ានេះ​នោះទេ។

កាមេរ៉ាថតរូបភាព-វីដេអូ VR ដែលក៏មានបំពាក់មកជាមួយអេក្រង់​រួចស្រេចជាលើក​ដំបូ​ងដែរនេះ គឺមានភ្នែកកាមេរ៉ារាងស្វែរពីរនៅខាងលើ ឋិតនៅផ្នែកម្ខាងពីគ្នា ហើយ​វាដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអនុញ្ញាតឱ្យអ្នក​ប្រើប្រាស់ចែក​ចាយ​ឯកសារកម្សាន្តផ្សេងៗ ទៅកាន់បណ្តាញសង្គមនានា ដូចជា Facebook, Twitter, Instagram បានយ៉ាងងាយស្រួលដោយផ្ទាល់តែម្តង (បណ្តាញសង្គមមួយចំនួន​មិនទាន់អាចគាំទ្ររូបភាពវីដេអូប្រភេទរង្វិលជុំ 360 ដឺក្រេបាននៅឡើយទេ)។

ទោះយ៉ាងណា នៅក្នុងព្រឹត្តិការណ៍ដែលមានការប្រកាសចេញផលិតផលកុំព្យូទ័រ និងអេឡិចត្រូនិចជាច្រើនផ្សេងទៀតនោះ ក្រុមហ៊ុនមិនបានលើកយក Holo 360 មកបង្ហាញឱ្យឃើញដោយផ្ទាល់ភ្នែកនោះទេ ដូច្នេះ គេមិនអាចដឹងថា វាមានទំហំតូច ឬធំប៉ុណ្ណាឱ្យប្រាកដឡើយ៕

ប្រភពព័ត៌មាន: mashable

មតិយោបល់