ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Alienware ប្រកាសចេញគ្រឿងបង្គុំកុំព្យូទ័រហ្គេម ១ ឈុត ប្លែកពិសេសណាស់!

Alienware គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dell បានប្រកាសចេញនូវ គ្រឿងបង្គុំកុំព្យូទ័រហ្គេមថ្មីមួយឈុត នៅឯព្រឹត្តិការណ៍ E3 ក្នុងនោះរួមមានដូចជា Mouse, ក្ដាចុច (Keyboard) និង អេក្រង់កុំព្យូទ័រ ដែលសាកសមបំផុតសម្រាប់ផ្គុំគ្នាជាមួយម៉ាស៊ីនកុំព្យូទ័រ Alienware ឲ្យប្រែក្លាយទៅជាកុំព្យូទ័រហ្គេមមួយគ្រឿងដ៏មានឥទ្ធិពល។

Mouse ដែលត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន មាន ២ ប្រភេទ គឺ Advanced Gaming Mouse តម្លៃ ៤៩,៩៩ ដុល្លារ និង Elite Gaming Mouse តម្លៃ ៨៩,៩៩ ដុល្លារ ដែល Mouse ទាំង ២ នេះ សុទ្ធតែរំលេចទៅដោយ ភ្លើងពណ៌ LED យ៉ាងស្រស់ស្អាត អមមកជាមួយប៊ូតុងចុចបញ្ជាចំនួន ៩។

ចំណែកឯ ក្ដាចុចវិញ ត្រូវបានក្រុមហ៊ុនបញ្ចេញជា ២ ប្រភេទ រួមមាន Advanced Gaming Keyboard តម្លៃ ៨៩,៩៩ ដុល្លារ និង Pro Gaming Keyboard តម្លៃ ១១៩,៩៩ ដុល្លារ ហើយពួកវា បង្កប់ទៅដោយភ្លើងចម្រុះពណ៌ ពីក្រោមគ្រាប់ចុចនីមួយៗ រួមទាំងមានប៊ូតុង ចាប់ទាញបន្ថែម ឬបន្ថយសំឡេង មកជាមួយផងដែរ។

ពិសេសជាងគេនោះគឺ អេក្រង់ Alienware សម្រាប់លេងហ្គេម ដែលមានទំហំ 25 អ៊ីញ ប្រើប្រាស់ខ្នាតបញ្ចាំងរូបភាពកម្រិត FHD (1920×1080 ភិចសែល) ដែលអាចផលិតចេញនូវចលនាវីដេអូបានរលូនល្អ មិនព្រាល ក្នុងអត្រា 240Hz បូករួមសមត្ថភាពញែកប្លង់វីដេអូបាន ក្នុងចន្លោះ ១ មិល្លីវិនាទី ម្ដងថែមទៀត។ អេក្រង់ហ្គេម Alienware 25 នេះ បានចេញមកជាមួយជម្រើស ២ ប្រភេទផ្សេងគ្នាគឺ AMD Freesynce តម្លៃ ៤៩៩,៩៩ ដុល្លារ និង Nvidia’s G-Sync តម្លៃ ៦៩៩,៩៩ ដុល្លារ ដើម្បីងាយស្រួលជ្រើសរើសតាមតម្រូវការរបស់លោកអ្នក៕

 

ប្រភព៖ The Verge

មតិយោបល់