ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងស៊ើបអង្កេតករណី iPhone 8 Plus ជួបបញ្ហាប៉ោងថ្ម ផ្អើលពេញបណ្តាសង្គម

សហរដ្ឋអាមេរិក: ក្រោយពីមានរបាយការណ៍ចេញពីអ្នកប្រើប្រាស់ iPhone 8 Plus ជាច្រើន ដាក់បង្ហោះរូប iPhone 8 Plus ពួកគេជួបបញ្ហាថ្មប៉ោង រហូតដល់របើកសម្បកខាងក្រោយចេញពីអេក្រង់ និងត្រូវបានគេចែកបន្តពេញបណ្តាញសង្គមរួច​មក កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានបើកការស៊ើបអង្កេតទៅលើករណី​ទាំងនេះហើយ។

យោងតាមគេហទំព័រ The Independent បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុង​​បើកពិនិត្យទៅលើរបាយការណ៍ថ្មទូរសព្ទស៊េរីថ្មីរបស់ខ្លួនដែលត្រូវគេរាយការណ៍មកថា មានបញ្ហា​បោងថ្មរហូតដល់របើកសម្បកឡើង។

អ្នកប្រើប្រាស់ទាំងនោះ បានបង្ហោះរូបថតទូរសព្ទដែលជួបបញ្ហាខាងលើនៅលើទំព័រ Twitter របស់ខ្លួន និងអះអាងថា ទូរសព្ទនោះស្រាប់តែហើបសម្បកខាងក្រោយឡើងចេញពីអេក្រង់ ក្រោយពីពួកគេដាក់សាកថ្ម។ អ្នកខ្លះថា iPhone 8 Plus របស់ខ្លួនពេលបើកចេញពីប្រអប់មក ក៏ឃើញសភាពបែបនេះតែម្តង។

ក្រុមហ៊ុន Apple បានប្រាប់ទៅ The Independent ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតទៅលើការអះអាងទាំងនោះ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យបានច្បាស់ថា ខ្លួននឹងប្រើវិធានការសកម្មភាពបែបណានោះទេ។ បញ្ហានេះ ត្រូវគេជឿថា បណ្តាលមកពីការហើបបោងនៃថ្មរបស់ទូរសព្ទ រុញច្រានឱ្យសម្បកខាងក្រោយរបើកចេញពីសម្បកខាងមុខ។

ទោះយ៉ាងណា ដរាបណាលទ្ធផលស៊ើបអង្កេតមិនទាន់ត្រូវបានប្រកាសឡើង គេមិនអាចសន្និដ្ឋានថា iPhone តម្លៃជិត១ ពាន់ដុល្លារនោះ គ្មានសុវត្ថិភាពនោះទេ។ តាមធម្មតា ផលិតផលបច្ចេកវិទ្យាដែលផលិតចេញរាប់លានគ្រឿង វាគឺជារឿងធម្មតានោះទេ ដែលបួនដប់គ្រឿងជួបបញ្ហាខុសប្រក្រតីនោះ៕

ប្រភពព័ត៌មាន:​ trustedreទស្សនាs

មតិយោបល់