ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត! GoPro ចេញតម្លៃកាមេរ៉ា ៣៦០ ដឺក្រេដំបូងបង្អស់របស់ខ្លួនហើយ!

ក្រុមហ៊ុន GoPro នៅទីបំផុតទៅ បានដាច់ចិត្តបញ្ចេញតម្លៃលក់កាមេរ៉ាថតវីដេអូ​ប្រភេទរង្វិលជុំ 360 ដឺក្រេរបស់ខ្លួនហើយ បន្ទាប់ពីបានបើកបង្ហាញលក្ខណ:​សម្បត្តិ​សំខាន់ៗរបស់វាមួយចំនួនរួចមក ដោយក្រុមហ៊ុនថា នឹងដាក់លក់វាក្នុងតម្លៃ ៦៩៩.៩៩ ដុល្លារ (តម្លៃបរទេស)។

GoPro Fusion 360-Degree គឺជាកាមេរ៉ាប្រភេទថតវីដេអូក្នុងទម្រង់ ៣៦០ ដឺក្រេដំបូងគេរបស់ក្រុមហ៊ុន។ វាត្រូវបានបំពាក់កាមេរ៉ាភ្នែកត្រីតែពីរប៉ុណ្ណោះ តែអាចផ្តិតយករូបភាពរួមគ្នាបានកម្រិត 5.2K និងអាចជំនួសឱ្យកាមេរ៉ា GoPro ធម្មតាផ្គុំចូលគ្នារហូតដល់ទៅ ៦ គ្រឿង។

យោងតាមការឱ្យដឹងពីក្រុមហ៊ុនផ្ទាល់ កាមេរ៉ាដ៏ទំនើបនេះ នឹងប្រកាសចេញក្នុងបរិមាណកំណត់មួយនៅបំណាច់ឆ្នាំនេះ ហើយវានឹងចែកចាយលក់លើទីផ្សារនៅ​ដើម​ឆ្នាំ ២០១៨។

GoPro Fusion មិនត្រឹមតែអាចផ្តិតយករូបភាពវីដេអូ ៣៦០ ក្នុងកម្រិតគុណភាពខ្ពស់ មិនជ្រាបទឹក និងជាប់ធុនប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបំពាក់មុខងារពិសេសផ្តាច់មុខគេមួយគឺ OverCapture ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែខ្នាតវីដេអូ ៣៦០ ដឺក្រេ មកជាខ្នាតធម្មតា ១០៨០p បាន។

លក្ខណ:ពិសេសនេះ គឺមានប្រយោជន៍ត្រង់ថា​ លោកអ្នកមិនចាំបាច់ខ្វល់ថា​ដាក់​កាមេរ៉ាថតត្រង់ណានោះទេ គឺវានឹងថតអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នក ហើយបន្ទាប់​មក អ្នកអាចជ្រើសរើសកាត់យកមុំវីដេអូត្រង់បរិវេណណាមួយ តាមការពេញចិត្ត ដែលនេះគឺប្រសើរជាងការកាត់វីដេអូចេញពីវីដេអូកម្រិត 4K ឬ 8K ទៅទៀត។

ដោយស្វ័យប្រវត្តិ Fusion 360 ថតវីដេអូបានកម្រិត 5.2k ក្នុងល្បឿន 30fps ប៉ុន្តែ លោកអ្នកក៏អាចប្តូរមកកម្រិត 3k ក្នុងល្បឿន 60fps បាន។ សម្រាប់រូបថតសម្លឹកវិញ​ វាអាចផ្តិតយកបានក្នុងទំហំ ១៨ មេហ្គាភិចសែល និងអាចចុច​ថតជាប់បាន ៣០ ប៉ុស្តិ៍/វិនាទី។ ដោយឡែកសម្រាប់ថាមពលថ្មវិញ គេមិនទាន់ដឹងថា វាអាចប្រើប្រាស់បានយូរប៉ុន្មានម៉ោងឱ្យប្រាកដនោះទេ៕

ប្រភពព័ត៌មាន: mashable

មតិយោបល់