ព័ត៌មានបច្ចេកវិទ្យា

Huawei ស៊េរី P10 និង Mate 9 នឹងទទួលបានកំណែ Android 8.0 ឆាប់ៗនេះហើយ!

នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកាសចេញជាផ្លូវការនូវវត្តមានកំពូលស្មាតហ្វូនស៊េរីថ្មី ម៉ូឌែល Mate 10 និង​ Mate 10 Pro ក្រុមហ៊ុន Huawei បានអះអាងថា អ្នកប្រើប្រាស់ស្មាតហ្វូនម៉ូឌែល Mate 9 & 9 Pro រួមទាំង​ P10 & P10 Pro នឹងអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android លើទូរសព្ទម៉ូឌែលទាំងនេះ ឱ្យឡើងដល់ជំនាន់ Oreo ឆាប់ៗខាងមុខនេះហើយ។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ បាននិយាយថា ស្មាតហ្វូនស៊េរី Mate 9 នឹងទទួលបានកំណែចុងក្រោយ Android 8.0 ក្នុងរយ:ពេល ៣ ទៅ ៤ សប្តាហ៍ ក្រោយពីជំនាន់ថ្មីរបស់វា គឺ Mate 10 ចែកចាយលក់លើទីផ្សារ។ ចំណែកស៊េរី P10 វិញ ក្រុមហ៊ុនមិនបានគូសបញ្ចាក់កាលបរិច្ឆេទច្បាស់លាស់នោះទេ ដោយគ្រាន់តែថា នឹងទទួលបានដូចគ្នានៅពេលអនាគតដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា Huawei Mate 10 និង Mate 10 Pro ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅលើទីផ្សារនៅចុង​ខែ​តុលា ដូច្នេះ Android Oreo សម្រាប់ Mate 9 អាចនឹងចេញនៅចុងខែវិច្ឆិកា។

យោងតាមការអះអាងរបស់ក្រុមហ៊ុន ខ្លួននឹងប្រើប្រាស់ផ្ទាំងកម្មវិធី EMUI 8.0 នៅលើ Android 8.0 ដែលវាអាចជួយឱ្យដំណើរការប្រើប្រាស់របស់ទូរសព្ទអាចប្រព្រឹត្តទៅលឿនជាងមុន ១២% បើទោះជាវា ត្រូវគេមើលឃើញ​ថា ហាក់ពុំមានអ្វីប្លាស់ប្តូរ ខុសប្លែកពីជំនាន់ចាស់ក៏ដោយ។ ប៉ុន្តែ វាអាចនឹងមានការកែលំអរមុខងារខាងក្នុង​ឱ្យកាន់តែប្រសើរឡើងខ្លាំងក៏មិនដឹង៕

បញ្ជីរាយម៉ូឌែលស្មាតហ្វូន ដែលនឹងអាចកែឡើង Android Oreo 8.0

ប្រភពព័ត៌មាន: phonearena

មតិយោបល់