ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ អាភ្នែកបួនស៊េរី​ S អេក្រង់ ៦ អីុញ កាមេរ៉ាកប់ទាំងមុខ ទាំងក្រោយ!

ទើបតែបញ្ចេញស្មាតហ្វូនស៊េរី Mate 10 និង nova 2i មិនទាន់បានប៉ុន្មានផង ស្រាប់តែស្មាតហ្វូនលំដាប់កំពូលថ្មីមួយទៀតរបស់ក្រុមហ៊ុន Huawei លេចចេញយ៉ាងត្រដែតពីប្រទេសចិន ហើយវាត្រូវគេជឿថា នឹងចេញនៅឆ្នាំ ២០១៨ ខាងមុខនេះហើយ។

ស្មាតហ្វូនដែលគេឱ្យរហ័សនាមថា អាភ្នែក ៤ ដោយសារតែវាមានកាមេរ៉ា ៤ ស៊េរី S នេះ មានសមត្ថភាពខ្ពស់ខ្លាំងជាងស៊េរី 2i ធម្មតា ហើយវាត្រូវបានចាត់ជាស្មាតហ្វូនលំដាប់កំពូលមួយរបស់ក្រុមហ៊ុនផលិតស្មាត​ហ្វូនលំដាប់ថ្នាក់ទីពីរលើលោក។

បើយោងតាមព័ត៌មានក្រៅផ្លូវការ អមដោយរូបថតប៉ាន់ទូរសព្ទប៉ុន្មានគ្រឿង បានឱ្យដឹងថា nova 2S បំពាក់បន្ទះឈីប Kirin 960 អេក្រង់ 2K ទំហំ ៦ អីុញ ប្រើមាត្រដ្ឋាន 18:9 ratio។ ចំណែកកាមេរ៉ាភ្លោះក្រោយ គឺមានទំហំរហូតដល់ទៅ ២០/១៦ មេហ្គាភិចសែល ឯកាមេរ៉ាមុខទំហំដល់ទៅ ២០ មេហ្គាភិចសែល ប្រើ RAM ទំហំដល់ទៅ ៦ ជីហ្គាបៃយ៍ និងដើរដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបង្អស់ Oreo ជាមួយផ្ទាំងកម្មវិធីប្រើប្រាស់ EMUI ថ្មីបំផុត។

គួរឱ្យកត់សម្គាល់ផងដែរ nova 2S នៅលើផ្ទៃសម្បកខាងក្រោយគឺពុំឃើញមានបន្ទះស្គេនក្រយៅដៃដូចជា nova 2i នោះទេ ប៉ុន្តែ វាមានប៊ូតុង Home មួយនៅផ្នែកខាងមុខ ដែលគេអាចសន្និដ្ឋានបានថា Huawei អាចនឹងចល័តបន្ទះស្គេននោះមកខាងមុខវិញ ដើម្បីបន្សល់ចន្លោះទំនេរខាងក្រោយទុកដាក់កាមេរ៉ាដែលមានសមត្ថភាពខ្ពស់។

ក្រុមហ៊ុន Huawei នឹងបើកបង្ហាញស្មាតហ្វូនស៊េរីថ្មីបន្ថែមទៀតប្រមាណពីរម៉ូឌែល នៅចុងឆ្នាំ ២០១៧ នេះ ប៉ុន្តែ គេមិនច្បាស់ទេថា nova 2S នឹងឋិតក្នុងចំណោមស្មាតហ្វូនទាំងនោះឬក៏អត់ ប៉ុន្តែ គេជឿថា​ វានឹង​ចែកចាយលក់លើទីផ្សារសកល៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់