ព័ត៌មានបច្ចេកវិទ្យា

Nokia លំដាប់កំពូលថ្មីពីរម៉ូឌែល អាចនឹងចេញដើមឆ្នាំក្រោយ

យោងតាមរបាយការណ៍ថ្មីមួយអះអាងថា ក្រុមហ៊ុន HMD Global អាចនឹង​ចេញស្មាតហ្វូន Nokia ដើរដោយប្រព័ន្ធ Android លំដាប់កំពូលថ្មីពីរម៉ូឌែល នៅក្នុងប្រទេសចិន នៅថ្ងៃទី​ ១៩ មករា ឆ្នាំ ២០១៨។ នេះបើតាមគេហទំព័រ Phone Arena ចុះផ្សាយនៅថ្ងៃមិ្សលមិញ។

ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ម៉ូឌែលថ្មីទាំងពីរនោះនឹងជា Nokia 9 និង Nokia 8 ជំនាន់ទី២ ហើយក្រុមហ៊ុននឹងផ្លាស់ប្តូរកម្មវិធីតម្រូវតាមទីផ្សារប្រទេសចិន។ ពោលគឺ កម្មវិធីសេវាកម្ម Google ដូចជា​ Play Store នឹងត្រូវដាក់ជំនួសដោយកម្មវិធីហាងកម្មវិធី-ហ្គេមរបស់ចិន ស្របតាមបទបញ្ញាត្តិរបស់តំបន់។

ប្រភពព័ត៌មានដដែល ក៏ទម្លាយឱ្យដឹងផងដែរពីលក្ខណ:សម្បត្តិសំខាន់ៗរបស់ Nokia 9 ដែលថា នឹងបំពាក់​អេក្រង់ខ្នាត Quad HD ទំហំ ៥.៥ អីុញ ប្រើ RAM ទំហំ ៦ ជីហ្គាបៃយ៍ មេម៉ូរីម៉ាស៊ីន​ទំហំ ៦៤/១២៨ ជីហ្គាបៃយ៍ ហើយអេក្រង់ទាំងពីរ​ម៉ូឌែលទំនងនឹងប្រើមាត្រដ្ឋានដ៏ពេញនិយមនាពេលបច្ចុប្បន្នគឺ ១៨:៩ បន្ថែមពីលើរចនាបទផ្ទៃលាតកប់គែម ស្រដៀង Galaxy S8 ប្រើបន្ទះឈីប Snapdragon 835 កាមេរ៉ាក្រោយភ្លោះ ព្រមទាំងមានបន្ថែមស្រទាប់ការពារជម្រាបទឹក និងការប្រលាក់ធូលីដី​​ផងដែរ។

សម្រាប់តម្លៃវិញ Nokia 9 ម៉ូឌែលប្រើ RAM/ROM ទំហំ ៦/៦៤ ថ្លៃ ៥៥៨ ដុល្លារ ឯជម្រើស ៦/១២៨ ជីហ្គាបៃយ៍ ថ្លៃ ៦៣៤ ដុល្លារ។ ដោយឡែកសម្រាប់ Nokia 8 ស៊េរី ២០១៨ គឺគេពុំទាន់ដឹងពីតម្លៃរបស់នៅឡើយទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន HMD នៃប្រទេសហ៊ូឡង់ តាមរយ:ក្រុមហ៊ុន KTH ក៏បាននាំចូលស្មាតហ្វូន Nokia ដើរដោយប្រព័ន្ធ Android ទាំង ៥ ម៉ូឌែល (2, 3, 5, 6, និង 8) ដែលកំពុងមានវត្តមាននៅទីផ្សារសកល​ មកប្រទេស​កម្ពុជា​យើងផងដែរ៕

 

មតិយោបល់