ព័ត៌មានបច្ចេកវិទ្យា

មិនមែនទេដឹង! អស់ពីស្គេនភ្នែក Samsung ចង់ស្កេនបាតដៃទៀត

យោងតាមប៉ាតង់ថ្មីមួយរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា ក្រុមហ៊ុនអេឡិច​​ត្រូនិកយក្សកូរ៉េមួយនេះ កំពុងចង់ច្នៃបង្កើតបច្ចេកវិទ្យាស្កេនបាតដៃសម្រាប់​ប្រើជាកូដសម្ងាត់ចាក់ចូលទៅកាន់ស្មាតហ្វូនរបស់ខ្លួនវិញម្តង បន្ទាប់ពីខ្លួនទើបពាំនាំបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនៅលើទូរសព្ទ Galaxy ស៊េរី S8 និង Note 8។

តាមរយ:រូបគំរូប៉ាតង់ចុះផ្សាយលើគេហទំព័រ Engadget ម្សិលមិញ Samsung ប្រហែលជាកំពុងរិះរកគំនិតចៃបង្កើតប្រព័ន្ធសុវត្ថិភាពថ្មីមួយ ដែលអាចអានខ្សែបាតដៃខុសៗគ្នារបស់អ្នកមនុស្ស​ ហើយប្រើវាដើម្បីបង្ហាញតម្រុយផ្សេងៗនៅក្នុងទម្រង់នៃតួអក្សរមិនពេញលេញ ដែលអ្នកដទៃមិនអាចទាយដឹង ឬមើលយល់បាន។

តាមសញ្ញានៃខ្សែបាតដៃនេះ វាអាចប្រើវាជាកូដសម្ងាត់សម្រាប់ចុះឈ្មោះចូលទៅកាន់កម្មវិធីទូរសព្ទខាងក្នុងបាន ប៉ុន្តែ ក្រុមហ៊ុនត្រូវបំពាក់ឧបករណ៍សម្រាប់វាស់​ទីជម្រៅ ឬបច្ចេកវិទ្យាស្រដៀងគ្នាណាមួយដើម្បីជៀសវាងការលួចបន្លំដោយប្រើរូបថតបំភាន់។

ទាក់ទងទៅនឹងប៉ាតង់បច្វេកវិទ្យាសន្តិសុខថ្មីនេះ គ្មានប្រភពណាមួយថា វានឹងបង្ហាញវត្តមាននៅលើ Galaxy S9 ដែលត្រៀមចេញដើមឆ្នាំក្រោយនោះទេ ហើយក៏មិនដឹងជាពេលណា Samsung បង្កើតវាឱ្យចេញជារូបរាងពិតជាក់ស្តែងនោះដែរ។ ពោលគឺ វាគ្រាន់តែជាប៉ាតង់បច្ចេកវិទ្យាដែលក្រុមហ៊ុនដាក់ស្នើរដើម្បីទទួលបានជាកម្មសិទ្ធិបញ្ញាលើគោលគំនិតថ្មីរបស់ខ្លួនប៉ុណ្ណោះ៕

 

មតិយោបល់