ព័ត៌មានបច្ចេកវិទ្យា

Apple ប្រកាសផ្លូវការពីការទិញយកកម្មវិធីចាក់តន្រ្តី Shazam ដែលមានអ្នកប្រើជាង ១០០​ លាននាក់

តាមធម្មតាក្រុមហ៊ុន Apple មិនបញ្ចេញឡើយនូវគ្រោងការទិញយកក្រុមហ៊ុនដទៃណាមួយនោះ​។ ប៉ុន្តែ នៅពេលនេះ ក្រុមហ៊ុនបានប្រកាសតាមសេចក្តីថ្លែងការមួយ ពីការទិញយកកម្មវិធីចាក់ចម្រៀង Shazam ដ៏មានប្រជាប្រិយមួយនៅលើ App Store។
ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីមានការលេចឮពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Apple គ្រោងទិញយកក្រុមហ៊ុនដែលមានមូលដ្ឋាននាទីទីក្រុងឡុងដ៍ឈ្មោះ Shazam ក្នុងតម្លៃជាង ៤០០​ លានដុល្លារ ដើម្បី​ចាក់បំពេញមុខងារនៃសេវាកម្ម Music របស់ខ្លួនឱ្យកាន់តែសម្បូរបែប។

គួររំឭកថា Shazam គឺជាកម្មវិធីដំបូងគេមួយដែលមានវត្តមាននៅក្នុង App Store ចាប់ពីឆ្នាំ ២០០៨។ លុះ iOS 8 ចេញ កម្មវិធីនេះ ក៏ត្រូវបានច្របាច់បញ្ចូលបន្ថែមនូវមុខងារជំនួយការសំឡេងឌីជីថល Siri ដើម្បីអនុញ្ញាត្តឱ្យអ្នកប្រើប្រាស់អាចស្វែងរកបទចម្រៀងដែលពួកគេចូលចិត្ត តាមការបើកថតសំឡេងចម្រៀង ឬភ្លេងនោះ។

នៅក្នុងសេចក្តីថ្លែងការនោះ Apple ក៏បានប្រកាសផងដែរថា ក្រុមហ៊ុន Shazam បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការក្លាយខ្លួនទៅជាផ្នែកមួយនៃក្រុមហ៊ុន Apple ហើយ។

គួរបញ្ជាក់ថា កម្មវិធី Shazam រហូតមកទល់ពេលនេះ​ គឺមានចំនួនអ្នកទាញ​យកជាង ១ ពាន់លានដងហើយ នៅក្នុងប្រទេសជាង ១៦០ ប្រទេស៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់