ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Apple ប្រកាសថ្ងៃចេញលក់ iMac Pro លំដាប់កំពូលរបស់ខ្លួនហើយ!

នៅទីបំផុតទៅ ក្រុមហ៊ុន Apple បានប្រកាសថ្ងៃបរិច្ឆេទដាក់លក់កុំព្យូទ័រ iMac Pro ស៊េរីលំដាប់កំពូលដែលមានតម្លៃ ៥,០០០ ដុល្លារ របស់ខ្លួនហើយ បន្ទាប់ពីវាត្រូវបានប្រកាសចេញក្នុងព្រឹត្តិការណ៍ WMC 2017 ក្នុងខែមិថុនាកន្លងទៅ។

កុំព្យូទ័រប្រភេទលើតុដ៏ទំនើប និងមានសមត្ថភាពខ្លាំងមហិមានេះ បើតាមគេហទំព័រផ្លូវការក្រុមហ៊ុន www.apple.com/imac-pro វានឹងត្រូវចែកចាយលក់ចាប់ពីថ្ងៃទី ១៤ ធ្នូ ស្អែកនេះ។

គួររំឭកថា iMac Pro ម៉ូឌែលពិសេសនេះ គឺផលិតឡើងដើម្បីឆ្លើយតបទៅនឹងក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលបានរិះគន់ Apple ថា ពុំមានជម្រើសកុំព្យូទ័រដែលមានអានុភាពខ្លាំងដូចគេ។ ជាពិសេសនោះ គឺក្រោយពីកុំព្យូទ័រ MacBook Pro ស៊េរីថ្មី ចេញមកមានរន្ធដោតប្រភេទ Thunderbolt 3 តែមួយ ហើយគ្មានជម្រើស RAM ធំជាង ១៦ ជីហ្គាបៃយ៍។

ឆ្លើយតបទៅនឹងមតិរិះគន់នេះ iMac Pro ត្រូវបានរចនាឡើងជាមួយរូបរាងស្តើងយ៉ាងល្អវិចិត្រ បំពាក់អេក្រង់កម្រិត 5K ទំហំ ២៧ អីុញ មានថាមពលដ៏មហិមា ផ្តល់ដោយ CPU Xeon 18-core អមដោយ RAM ទំហំរហូតដល់ទៅ ១២៨ ជីហ្គាបៃយ៍ (GB) អង្គផ្ទុកទិន្នន័យទំហំ ៤ តេរ៉ាបៃយ៍ (TB) និង GPU ADM Radeon Pro Vega 56។

ដោយឡែក ចំពោះរន្ធដោតវិញ គឺវាមានរន្ធស៊កឌុយ USB 3.0 និង Thunderbolt 3 ចំនួន ៤ៗ ព្រមជាមួយរន្ធស៊កកាត Ethernet និង SD មួយៗ។ សម្រាប់ Keyboard និង Mouse ឥតខ្សែវិញ គឺមានពណ៌ប្រផេះ អាចសាក​បញ្ជូល​ថ្មតាមឌុយ Lightning to USB ដែលនេះ គឺពុំធ្លាប់មានឡើយនៅលើឧបករណ៍ដទៃ រាប់បញ្ចូលទាំង iPhone៕

មតិយោបល់