ព័ត៌មានបច្ចេកវិទ្យា

ធ្លាយ iPhone X ចិន Leagoo S9: ដូចពីមុខមធ្យម តែងំដូចទាំងខាងក្រោយ!

ទូរសព្ទដៃ iPhone ប្រហែលជានឹងមានឆ្លាក់ឈ្មោះថ្មី បន្ថែមពីលើឈ្មោះ Xi នៅសម្បកខាងក្រោយរបស់វាមួយទៀតហើយ គឺបន្ទាប់ពីរូបថតបែកធ្លាយថ្មីប៉ុន្មានសន្លឹក ដែលបង្ហាញឱ្យឃើញទូរសព្ទម៉ាក Leagoo ថ្មីមួយម៉ូឌែល រំលេចនូវរចនា​បទ​ដូចគ្នាបេះបិទទៅនឹងរចនាបទរបស់ iPhone X។

តាមរយ:រូបថតបែកធ្លាយរបស់ Leagoo S9 នោះ គេឃើញថា វាមិនត្រឹមតែមានផ្ទៃខាងមុខបំពាក់​អេក្រង់លាតគៀកគែម មានឃ្វាលចន្លោះសម្រាប់កាមេរ៉ាមុខ ដូចទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Apple ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទៃសម្បកខាងក្រោយក៏ឃើញមានបំពាក់កាមេរ៉ាភ្លោះរាងបញ្ឈរ មិនខុសពី iPhone X នោះដែរ។

យោងតាមប្រភពពី Phone Arena គេមិនបានបញ្ជាក់ថា កាមេរ៉ា iPhone X ចិនថ្មីនោះ អាចស្កេនផ្ទៃមុខ 3D បានដូចជា iPhone X អាមេរិក ដែរឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ តាមរយ:ប្រភពពី The Verge បានឱ្យដឹងថា Leagoo S9 បំពាក់អេក្រង់ប្រភេទ AMOLED ទំហំ ៥.៨៥ អីុញ ប្រើបន្ទះឈីប MediaTek P40 អមដោយ RAM/ROM ទំហំ ៦/១២៨ ជីហ្គាបៃយ៍ និងកាមេរ៉ាភ្លោះទំហំ ១៦ មេហ្គាភិចសែល ហើយវាមានតម្លៃក្រោម ៣០០ ដុល្លារ។

ដោយឡែក វាក៏មានចំណុចខ្លះខុសពី iPhone X ដែរ គឺបន្ទះស្គេនក្រយៅដៃនៅខាងក្រោយរាងមូល គែមអេក្រង់ខាងក្រោមរាងក្រាស់ជាង និងមានឡូហ្គូ Leagoo នៅសម្បកខាងក្រោយ។

ទោះយ៉ាងណា​ គេមិនទាន់ហ៊ានសន្និដ្ឋានថា វាជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Leagoo ពិតប្រាកដនៅឡើយទេ ដរាបណាវាមិនទាន់មានការប្រកាសជាផ្លូវការដោយក្រុមហ៊ុនផ្ទាល់៕

មតិយោបល់