ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយរូបរាង Samsung Galaxy S9 ថ្មី ឃើញហើយអាចនឹងខកចិត្តខ្លាំងចំពោះលោកអ្នកដែលរំពឹងទៅលើ…

ប្រសិនបើលោកអ្នកកំពុងសង្ឃឹមទុកថា Galaxy S9 នឹងមានការផ្លាស់ប្តូររចនាបទ និងបច្ចេកវិទ្យាថ្មី​ ខុសពីជំនាន់បច្ចុប្បន្នរ​បស់វាច្រើននោះ លោកអ្នកប្រហែលជានឹងត្រូវខកបំណងខ្លាំងហើយ ព្រោះ Samsung ចាត់ទុកបញ្ហាសុវត្ថិភាពជាដំណោះស្រាយចម្បងដំបូងគេ។

ខណ:ថ្ងៃបរិច្ឆេទប្រកាសចេញដែលត្រូវគេជឿថា នៅធ្វើឡើងនៅខែកុម្ភ: ឆ្នាំ ២០១៨ ខាងមុខ រូបរាងថ្មីរបស់វាដែលបង្ហាញពីរចនាបទទាំងខាងមុខ និងខាងក្រោយយ៉ាងច្បាស់ ត្រូវបានទម្លាយឱ្យឃើញ តាមរយ:ប្រភពដ៏គួរឱ្យទុកចិត្តមួយ គឺពីលោក Steve Hemmerstoffer។

តាមរយ:រូបភាពឌីហ្សាញដែលបង្ហាញឱ្យឃើញ Galaxy S9 បីមុំ អ្វីដែលគួរឱ្យខកចិត្តបំផុតនោះគឺ វាពុំមានបំពាក់បន្ទះស្កេនក្រយៅដៃនៅលើកញ្ចក់អេក្រង់ខាងមុខនោះទេ ដោយក្រុមហ៊ុននៅតែរក្សាវានៅខាងក្រោយដដែល គ្រាន់តែប្តូរពីចំហៀងកាមេរ៉ា មកខាងក្រោមវិញ។​ ពោលគឺ ដូចការរំពឹងទុកពីរបាយការណ៍ក្រោយៗដូច្នេះដែរ។

បើតាមប្រភពដដែលគេហទំព័រ Forbes រួមជាមួយរូបភាពដែលបានទម្លាយឱ្យឃើញ Galaxy S9 នៅតែរក្សាដំណោះស្រាយកាមេរ៉ាក្រោយមួយ (មានភ្នែកបង្កប់ខាងក្នុងពីរជាន់) ដដែល ប៉ុន្តែ សម្រាប់​ម៉ូឌែល Plus ប្រហែលអាចនឹងបំពាក់កាមេរ៉ាពីរ។

ចំណុចដែលគួរឱ្យខកចិត្តមួយផ្សេងទៀតគឺ លើការរចនាស៊ុមអេក្រង់ និងផ្ទៃខាងមុខរបស់ទូរសព្ទ ដោយវាមើលទៅមិនខុសពី Galaxy S8 នោះទេ ហើយរន្ធស៊កកាសប្រភេទ 3.5mm ក៏នៅប្រើប្រាស់ផងដែរ។

មែនទែនទៅ​ យោងតាមប្រភពក្រៅផ្លូវការជាច្រើនជឿថា Samsung មានលទ្ធភាពកែប្រែរចនាបទកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួនច្រើនជាងនេះ ប៉ុន្តែ ក្រុមហ៊ុនគិតគូររឿងសុវត្ថិភាពជាង ជាមួយ Galaxy S9 ដោយខ្លួនគ្រាន់តែធ្វើការបង្កើនសមត្ថភាពផ្នែក Hardware និង Software ឱ្យកាន់តែប្រសើរបន្តិចបន្តូច។ ដូចជា វានឹងប្រើប្រាស់បន្ទះឈីបកាន់តែមានល្បឿនលឿន ដែលអាចជា Snapdragon 845 និង Android Oreo 8.0 ដែលមានមុខងារកាន់តែសម្បូរបែប និងប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាដើម៕

មតិយោបល់