ព័ត៌មានបច្ចេកវិទ្យា

Huawei P11 ល្បីថាបំពាក់កាមេរ៉ាក្រោយ ៣ ទំហំ ៤២ MP នឹងប្រកាសចេញនៅ WMC 2018 ខាងមុខ

ស្មាតហ្វូនលំដាប់កំពូលត្រកូល P របស់ក្រុមហ៊ុន Huawei ស៊េរីបន្ទាប់ ដែលមានការលេចឮព័ត៌មានចចាម​អារ៉ាមកន្លង​មកថា នឹងបំពាក់កាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់ ទំហំ ៤២ មេហ្គាភិចសែល ជាមួយបច្ចេកវិទ្យា Leica អាចយឹតរូបភាពមកជិត ៥ តង់ និងកាមេរ៉ាមុខមួយគ្រាប់ទំហំដល់ទៅ ២៤ មេហ្គាភិចសែលនោះ ត្រូវ​គេរំពឹងថា នឹងបើកបង្ហាញក្នុងខែកុម្ភ: អំឡុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះហើយ។

យោងតាមសារ Twitter មួយបង្ហោះផ្សាយនៅប៉ុន្មានថ្ងៃមុននេះ លោក Roland Quandt អ្នកទម្លាយ​អាថ៍​កំបាំងផលិតផលបច្ចេកវិទ្យាថ្មីៗដ៏ល្បីឈ្មោះបានរំពឹងទុកថា Huawei P11 នឹងបើកបង្ហាញនៅឯវេទិកាទូរសព្ទចល័តពិភពលោក ដែលនឹងប្រព្រឹត្តិទៅនាទីក្រុង Barcelona ចាប់ពីថ្ងៃទី ២៦ កុម្ភ: ដល់ថ្ងៃទី ០១ មិនា ឆ្នាំ ២០១៨ ដូចទៅនឹងថ្ងៃប្រកាសចេញ P10 ឆ្នាំនេះអីចឹងដែរ។

ដោយឡែក ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ស៊េរីឆ្នាំ ២០១៨ គឺ Galaxy S9 & S9+ ក៏មានការប៉ាន់ប្រមាណថា នឹងលេចចេញវត្តមាននៅអំឡុងពេលប្រហាក់ប្រហែលគ្នានោះផងដែរ។​

លោក Quandt បន្ថែមថា នៅក្នុងព្រឹត្តិការណ៍ Christmas របស់ក្រុមហ៊ុន Huawei នាប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានសន្យាថា នឹងផលិតចេញនូវផលិតផលថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០១៨ ជាមួយការផ្តោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ា និងបច្ចេកវិទ្យាបញ្ញាញាណសិប្បនិម្មិត ហៅកាត់ថា​ AI (Artificial Intelligence)។

អ្នកទស្សទាយផលិតផលបច្ចេកវិទ្យាមិនសូវខុសរូបនេះ ក៏មើលឃើញផងដែរថា ក្រោយពីថ្ងៃប្រកាសចេញជាសាធារណ:នូវផលិតផលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននាទីក្រុង​ Barcelona ទូរសព្ទដៃ Huawei P11 ប្រហែលជានឹងប្រកាសចេញនៅអំឡុងត្រីមាសទីមួយឆ្នាំ ២០១៨៕

មតិយោបល់