ព័ត៌មានបច្ចេកវិទ្យា

Huawei P11 អាចនឹងបំពាក់កាមេរ៉ាស្កេនមុខ 3D ប្រជែងនឹង iPhone X

នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញទូរសព្ទដៃ Honor 7X និង ទស្សនា 10 នាទីក្រុងឡុងដ៍ ក្រុមហ៊ុន Huawei បានបើកបង្ហាញបច្ចេកវិទ្យាកាមេរ៉ាស្គេនផ្ទៃមុខ 3D ថ្មីមួយរបស់ខ្លួនដែលឱ្យឈ្មោះថា “Point Cloud Depth Camera”។

បច្ចេកវិទ្យាថ្មីនេះ ត្រូវបានឧទេសនាមតាមរយ:ឧបករណ៍បំពាក់បន្ថែមមួយ ដោតភ្ជាប់ជាមួយទូរសព្ទដៃ Huawei Mate 10 ប៉ុន្តែ វាទំនងជារចនាឡើងសម្រាប់បំពាក់ក្នុងទូរសព្ទ Huawei P11 ដែលទើបបែកធ្លាយព័ត៌មានចចាមអារ៉ាមនាពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមការអះអាងពីគេហទំព័របច្ចេកវិទ្យា​អីុតាលី​មួយឈ្មោះ NotebookItalia ដែលបានថតវីដេអូអំឡុងព្រឹត្តិការណ៍នោះផ្ទាល់។

នៅក្នុងវីដេអូ វិស្វករក្រុមហ៊ុន Huawei លោក Matthew Leone បានបង្ហាញកាមេរ៉ាបំពាក់បច្ចេកវិទ្យា​ស្គេនមុខ 3D ដោយសាកស្គេនផ្ទៃមុខរបស់គាត់ ហើយលទ្ធផលបង្ហាញថា ដំណើរការថតសម្គាល់ផ្ទៃមុខរបស់​វា គឺពិតជាលឿនខ្លាំងណាស់។ តាមការចង្អុលបង្ហាញ​ កាមេរ៉ាស្គេនមុខ 3D នោះ​ គឺមិនខុសពីកាមេរ៉ា TrueDepth បំពាក់នៅលើ iPhone X ប៉ុន្មានឡើយ ដោយវាប្រើនូវ Sensor សម្រាប់បាញ់បាច់ពន្លឺ Infrared ទៅលើផ្ទៃមុខ និងសម្រាប់វាស់ទីជម្រៅរូបភាព ដើម្បីថតសម្គាល់ទម្រង់ ឬទ្រង់ទ្រាយផ្ទៃមុខអ្នកប្រើប្រាស់ សម្រាប់ចំណាំទុកនូវអត្តសញ្ញាណដាច់ដោយឡែករបស់ពួកគេម្នាក់ៗ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានសន្យាថា ខ្លួននឹងផលិតចេញនូវផលិតផលថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០១៨ ជាមួយការផ្តោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ា និងបច្ចេកវិទ្យាបញ្ញាញាណសិប្បនិម្មិត ហៅកាត់ថា​ AI (Artificial Intelligence) ដែលនេះ អាចឱ្យគេរំពឹងថា P11 នឹងក្លាយជាស្មាតហ្វូនមុនដំបូងគេរបស់ក្រុមហ៊ុន Huawei ដែលពាំនាំមកជាមួយបច្ចេកវិទ្យា Point Cloud Depth Camera។

ទោះយ៉ាងណា រូបរាងពិតប្រាកដរបស់ Huawei P11 មិនទាន់បង្ហាញឡើងជាផ្លូវការនៅឡើយទេ ដូច្នេះ គ្រប់យ៉ាងអាចនឹងមិនដូចការរំពឹងទុកក៏ថាបាន។ ដូចគ្នាដែរ LG ក៏មានបច្ចេកវិទ្យាកាមេរ៉ាមុខដែលអាចច្របាច់បញ្ចូល Sensor ស្កេនប្រស្រីភ្នែកខាងក្នុង ប៉ុន្តែ វាក៏មិនទាន់ត្រូវបានបង្ហាញវត្តមាននៅលើស្មាត​ហ្វូន​ផ្លូវការណាមួយនៅឡើយដែរ។ ដូច្នេះ ការពិតឬយ៉ាងណានោះ គឺមានតែប្រិយមិត្តតាមដានជាមួយ Post Tech បន្តទៀតនៅពេលក្រោយប៉ុណ្ណោះ។

ប្រភពព័ត៌មាន: phonearena

មតិយោបល់