ព័ត៌មានបច្ចេកវិទ្យា

រដ្ឋកាលីហ្វ័រនីយ៉ា ព្រមានគ្រោះថ្នាក់ចំពោះសុខភាពកើតចេញពីរលកសញ្ញាទូរសព្ទចល័ត

ច្រើនឆ្នាំមកហើយ អ្នកជំនាញខាងសុខភាពសាធារណ: ក៏ដូចជាក្រុមអ្នកវិទ្យាសាស្រ្តជាច្រើន បានលើកឡើងពីផលប៉ះពាល់ចំពោះសុខភាពមនុស្ស ដែលរស់នៅក្បែរបរិវេនអង់តែនទូរសព្ទចល័ត កើតចេញពីរលកសញ្ញាបញ្ជូនចេញតាមអង់តែនទាំងនោះ ឆ្លងកាត់រាងកាយ។

ដោយឡែក ទូរសព្ទចល័តក៏មិនខុសគ្នាដែរ។ ពោលគឺ ឧបករណ៍អេឡិចត្រូនិកដែលមនុស្សតែងតែដាក់តាមខ្លួនជានិច្ចនោះ បញ្ចេញរលកសញ្ញាវិទ្យុ និងកម្លាំងហ្វ្រេកង់ ដែលមានសក្តានុពលអាចបង្កកង្វល់ និងហានិភ័យដល់សុខភាពមនុស្ស។

យោងតាមរបាយការណ៍ពហុស្រាវជ្រាវថ្មីមួយធ្វើឡើងដោយក្រសួងសុខភាពសាធារណ: នៃរដ្ឋកាលីហ្វ័រនីយ៉ា សហរដ្ឋអាមេរិក បានបន្ថែមទម្ងន់ទៅលើការលើកឡើងខាងលើ។
ការសិក្សាទាំងនោះរកឃើញថា រលកសញ្ញាហ្វ្រេកង់វិទ្យុ RF បញ្ចូលចេញ/ចូលទូរសព្ទដៃ អាចបង្កជាជំងឺជាមហារីកខួរក្បាល ឈឺក្បាល បាត់បង់ការចងចាំ និងការធ្លាក់ចុះនៃដំណេក។

ក្រុមអ្នកស្រាវជ្រាវ បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់ តែមិនមែនណែនាំឱ្យមនុស្សរស់នៅដោយគ្មានទូរសព្ទចល័ត ឬចាត់ទុកទូរសព្ទចល័តគឺជាឧបករណ៍គ្រោះថ្នាក់ចំពោះសុខភាពនោះទេ។ ប៉ុន្តែ ពួកគេចង់អំពាវនាវដល់សាធារណជនឱ្យយល់ដឹងពីរបៀបកាត់បន្ថយផលប៉ះពាល់ពីរលកសញ្ញា FR។

យោងតាមវេជ្ជបណ្ឌិត Karen Smith ឯកទេសខាងសុខភាពសាធារណ: និងជានាយកដេប៉ាតេម៉ង់សុខភាពសាធារណ:នៃរដ្ឋកាលីហ្វ័រនីយ៉ា បានផ្តល់ដំណោះស្រាយដ៏សាមញ្ញាមួយគឺ ក្មេងៗ និងមនុស្សវ័យជំទង់ ក៏ដូចជាអ្នកប្រើប្រាស់ទូរសព្ទចល័តគ្រប់រូប គួរព្យាយាមធ្វើយ៉ាងណាកុំទុកដាក់ទូរសព្ទជាប់ក្នុងហោប៉ៅ ហើយទុកវាឱ្យឆ្ងាយពីគ្រែគេងនៅពេលយប់។

ក្រុមអ្នកស្រាវជ្រាវណែនាំឱ្យរក្សាទុកទូរសព្ទក្នុងកាបូបស្ពាយ កាបូបដៃ ឬកាបូបយួរដៃ ជំនួសឱ្យការទុកក្នុងហោប៉ាវដូចតាមទម្លាប់របស់មនុស្សភាគច្រើន។

មួយវិញទៀត គួររក្សាចម្ងាយទូរសព្ទពីក្បាលប្រមាណកន្លះម៉ែត្រនៅពេលប្រើវាដើម្បីសន្ទនាជាមួយអ្នកដទៃ ដោយការប្រើកាស ឬបើកសំឡេងចេញក្រៅ ជាជាងដាក់ទូរសព្ទផ្អិបនឹងត្រចៀកដើម្បីនិយាយឆ្លើយឆ្លងគ្នា។

ក្នុងនោះដែរ អ្នកឯកទេសក៏ផ្តល់យោបល់ឱ្យជៀសវាងប្រើប្រាស់ទូរសព្ទនៅដែលពេលវាកំពុងបញ្ជូនចេញនូវកម្លាំងហ្វ្រេកង់វិទ្យុកម្រិតខ្ពស់ ដូចជានៅពេលដែលវាកំពុងផ្ញើអ្វីមួយ ឬឯកសារដែលមានទំហំធំចេញទៅឧបករណ៍ដទៃទៀតជាដើម៕

ប្រភពព័ត៌មាន: digitaltrend

មតិយោបល់