ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនសម្លៀកបំពាក់ចិន ប្តឹង Apple លួចចម្លងឡូហ្គូខ្លួនដាក់ឱ្យ App Store

ក្រុមហ៊ុន Apple កំពុងរងនូវបណ្តឹងផ្លូវច្បាប់មួយ ពីក្រុមហ៊ុនសម្លៀកបំពាក់របស់ចិន ឈ្មោះ Kon ដែលមាននិម្មិតសញ្ញាសម្គាល់ស្រដៀងគ្នានិឹងនិមិ្មតសញ្ញាថ្មីរបស់ App Store។ នេះបើយោងតាមរបាយការពី Phone Radar

Kon គឺជាក្រុមហ៊ុនសម្លៀកបំពាក់មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ និងមានឡូហ្គូរាងអក្សរ A ពណ៌ខ្មៅ ផ្គុំឡើងដោយបន្ទាត់ ៣ មានមុខរាងស្មើ គងពីលើគ្នា​។ ចំណែកឡូហ្គូ App Store ថ្មីរបស់ក្រុមហ៊ុន Apple គឺមានសណ្ឋានដូចគ្នា ខុសត្រង់វាមានពណ៌ស ហើយមុខរាងមូល។

យោងតាមប្រភពព័ត៌មានដដែល ក្រុមហ៊ុនសម្លៀកបំពាក់ចិន ប្តឹងទាមទារឱ្យ Apple សងសំណងជាទឹកប្រាក់ សុំទោសជាសាធារណ: និងបញ្ឈប់ការប្រើប្រាស់ឡូហ្គូរបស់ខ្លួនចេញពីគ្រប់ឧបករណ៍ដើរដោយប្រព័ន្ធ iOS 11 និង macOS High Sierra ទាំងអស់។

ពាក្យបណ្តឹងពីបទរំលោភកម្មសិទ្ធិបញ្ញានេះ ត្រូវបានបញ្ជូនទៅដល់ដៃតុលាការទីក្រុងប៉េកាំងរួចទៅហើយកាលពីពេលថ្មីៗនេះ។ ចំពោះសេចក្តីសម្រេចថាយ៉ាងណានោះ ត្រូវគេរំពឹងថា នឹងដឹងនៅអំឡុងពីរបីសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានប្តូរនិម្មិតសញ្ញាហាង App Store របស់ខ្លួនពីរូបជក់ ខ្មៅដៃ និងបន្ទាត់ ទៅជារូបកំណាត់ឈើនៅក្នុងខែសីហា ហើយបើយើងមើលទៅ គឺឡូហ្គូទាំងពីរមានទម្រង់ស្រដៀងគ្នាខ្លាំងណាស់​។ ទោះយ៉ាងណា ខាងណាខុសឬត្រូវ គេពុំទាន់ហ៊ានសន្និដ្ឋានបានឡើយ គឺមានតែរងចាំមើលការសម្រេច​របស់តុលាការប៉ុណ្ណោះ៕

មតិយោបល់