ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ថ្មី! មូលហេតុ iPhone កាន់តែចាស់ កាន់តែដើរយឺត និងគាំងៗ មិនដូចមនុស្សភាគច្រើនគិត

ជាទូទៅ អ្នកប្រើប្រាស់ iPhone ភាគច្រើនតែងគិតថា ទូរសព្ទដៃរបស់ខ្លួនចុះខ្សោយល្បឿនដំណើរការប្រើប្រាស់ និងចេះតែដើរគាំងៗ បណ្តាលមកពីអាយុកាលរបស់វា។ ប៉ុន្តែ យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយ​លើគេហទំព័រ cnet បានអះ​អាងថា មូលហេតុនៃបញ្ហាគឺមិនមែនដូច្នោះនោះទេ។ វាប្រហែលជាជាប់ពាក់ព័ន្ធនឹងអាយុកាលថ្មរបស់ទូរសព្ទទៅវិញទេ។

លោក Jonh Poole ស្ថាបនិកនៃ Primate Labs ដែលជាក្រុមហ៊ុនមួយនៅពីក្រោយកម្មវិធីកំណត់ស្តង់់ដាអង្គ​ប្រតិបត្តិការទូរសព្ទឈ្មោះ Geekbench បានលើកឡើងក្នុងប្លុកថ្មីមួយថា ទូរសព្ទដៃ iPhone 6 និង iPhone 7 មានបញ្ហាទូទៅរួមមួយ ហើយនឹងកាន់តែអាក្រក់ឡើងៗនៅពេលថ្មរបស់ពួកវាកាន់តែចាស់ទៅៗ។

លោក Poole រកឃើញថា ថ្មទូរសព្ទទាំងពីរម៉ូឌែល កាលណាវាកាន់តែចាស់ និងកាន់តែធ្លាក់ចុះថាមពល អង្គ​ប្រតិបត្តិរបស់ពួកវាក៏កាន់តែចុះខ្សោយ ហើយថមថយល្បឿនដំណើរការទៅតាមនោះផងដែរ។

លោកពន្យល់ថា អ្នកប្រើប្រាស់ទូទៅគិតថា ទូរសព្ទពួកគេដំណើរការយឺត គឺមិនពាក់ព័ន្ធទៅនឹងអាយុកាលថ្មនោះទេ ប៉ុន្តែ ធាតុពិតជាក់ស្តែង ឆ្លងកាត់តាមការធ្វើពិសោធរបស់លោក គឺពួកគេគិតខុសហើយ។

លោកបន្ថែមថា បញ្ហាមួយផ្នែកទៀត គឺបណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple ដែលប្រហែលនាំឱ្យកើតមានបញ្ហាទូរសព្ទ iPhone មួយចំនួនចេះតែរលត់ដោយខ្លួនវាភ្លាមៗ។

ទាក់ទងបញ្ហាទាំងនេះ អ្នកប្រើប្រាស់ភាគច្រើនយល់ថា ទូរសព្ទពួកគេល្មមដល់ពេលប្តូរថ្មីហើយ ប៉ុន្តែ ពួកគេប្រហែលមិនធ្លាប់គិតថា វាល្មមដល់ពេលប្តូរថ្មថ្មីនោះទេ។

លោក Poole បន្ថែមទៀតថាថា ទំនោរចិត្តបែបនេះ គឺស៊ីចង្វាក់គ្នាទៅនឹងគោលបំណងរបស់ក្រុមហ៊ុនផលិត ដែលអាចកើតចេញពីការគ្រោងទុករបស់ក្រុមហ៊ុនទាំងនោះ ដើម្បីជំរុញឱ្យអតិថិជនខ្លួនបោះបង់ផលិតផលចាស់ ផ្លាស់យកផលិតផលថ្មី។

ទាក់ទងនឹងបញ្ហានេះ យោងតាមប្រភពព័ត៌មានពី Gadget.ndtv បានឱ្យដឹង​ថា ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ខ្លួនពិតជាបន្ថយល្បឿនដំណើរការផលិត​ផលទូរសព្ទ iPhone ទៅតាមអាយុកាលថ្មពិតប្រាកដមែន តែដើម្បីបញ្ជៀសកុំឱ្យទូរសព្ទរលត់​នៅពេលដែលចរន្តថាមពលថ្មធ្លាក់ចុះខ្សោយ៕

Apple បកស្រាយពីចេតនាធ្វើឱ្យ iPhone កាន់តែចាស់ ដើរកាន់តែយឺត ទៅតាមអាយុកាលថ្ម

 

ប្រិយមិត្តអាចបញ្ចេញមតិយោបល់ទាក់ទងទៅនឹងអត្ថបទព័ត៌មាននៅក្នុងប្រអប់ខាងក្រោម៖

មតិយោបល់