Post News Media ព័ត៌មានបច្ចេកវិទ្យា Apple បកស្រាយ...

Apple បកស្រាយពីចេតនាធ្វើឱ្យ iPhone កាន់តែចាស់ ដើរកាន់តែយឺត ទៅតាមអាយុកាលថ្ម

ឆ្លើយតបទៅនឹងលទ្ធផលពិសោធរបស់ក្រុមហ៊ុនកំណត់ស្តង់ដាអង្គប្រតិបត្តិការបំពាក់លើទូរសព្ទចល័ត Geekbench ក្រុមហ៊ុន​ Apple បានទទួលស្គាល់ថា ខ្លួនពិតជាបានដាក់ចេញនូវកំណែប្រព័ន្ធ iOS ដើម្បីបន្ថយល្បឿនដំណើរការទូរសព្ទ iPhone ចាស់ៗទៅតាមអាយុថ្មរបស់វាមែន។

នៅក្នុងសេចក្តីថ្លែងមួយចុះផ្សាយលើគេហទំព័រ TechCrunch ក្រុមហ៊ុនផលិត iPhone បានបកស្រាយថា ការដែលខ្លួនធ្វើបែបនេះ គឺដើម្បីការពារកុំឱ្យទូរសព្ទ iPhone មួយចំនួនដែលមានថ្មចាស់ៗ នៅតែស្រូបទាញចរន្តភ្លើងខ្លាំងដដែល ដែលនាំឱ្យម៉ាស៊ីនរបស់វារលត់ដោយឯកឯង។

ក្រុមហ៊ុនបានគូសបញ្ជាក់ថា ថ្មប្រភេទលីចូមដែកប្រើប្រាស់លើ iPhone ថមថយសមត្ថភាពផ្គត់ផ្គង់ចរន្តថាមពលទៅតាមអាយុកាល ពេលថាមពលនៅសេសសល់តិច និងនៅពេលឋិតក្នុងសីតុណ្ហភាពត្រជាក់ ដែលទាំងនេះ អាចនាំឱ្យឧបករណ៍ទទួលបានថាមពលមិនគ្រប់គ្រាន់ និងប​ណ្តាលឱ្យម៉ាស៊ីនរលត់ដើម្បីការពារគ្រឿង​គ្រៅដែលត្រូវការ​អគ្គីសនីរបស់វាខាងក្នុង។

ដូច្នេះ ខ្លួនចាំបាច់ត្រូវតែដាក់បញ្ចូលនូវកម្មវិធីដើម្បីជួសជុលនូវបញ្ហារលត់នោះ ពោល​គឺ ដើម្បីកាត់បន្ថយតម្រូវការចរន្តអគ្គិសនីពីថ្មដែលចុះខ្សោយថាមពល​  ដោយការបន្ថយដំណើរការបន្ទះឈីបអង្កប្រតិបត្តិការរបស់ទូរសព្ទ ដែលនាំឱ្យល្បឿនប្រតិបត្តិការរបស់វាធ្លាក់ចុះ។

យោងតាម fossbytes ក្រុមហ៊ុន Apple បានប្រើប្រាស់ដំណោះស្រាយខាងលើតាំងពី iPhone 6, 6s និង SE មកម្លេះ ហើយក៏គ្រោងនឹងដាក់ចេញសម្រាប់ iPhone 7 តាមរយ:ប្រព័ន្ធ iOS 11.2 ផងដែរ។ មិនតែប៉ុណ្ណោះ ខ្លួនក៏គ្រោងនឹងបន្តធ្វើបែបនេះសម្រាប់ផលិតផលដទៃផ្សេងទៀតនាថ្ងៃអនាគតទៀតផង៕

Loading...