ព័ត៌មានបច្ចេកវិទ្យា

Apple បាត់បង់ស្ថាបត្យករបន្ទះឈីបកំពូលម្នាក់ទៅ Google

ស្ថាបត្យករបន្ទះឈីបជាន់ខ្ពស់មួយរូប ដែលមានរហ័សនាមថាបុរសឈីប និងដែលបានចូលខ្លួនធ្វើការឱ្យក្រុម​ហ៊ុន Apple តាំងពីពាក់កណ្តាលឆ្នាំ ២០១២ នឹងចាកចេញទៅកាន់ក្រុមហ៊ុន Google ក្នុងសប្តាហ៍នេះ។

គួររំឭកថា លោក Jonh Bruno គឺជាអតីតវិស្វករបន្ទះឈីបនៅក្រុមហ៊ុន ATI និង AMD ហើយបានចូលបម្រើការងាឱ្យក្រុមហ៊ុនបច្ចេក​វិទ្យាយក្សអាមេរិក ក្នុងមុខតំណែងជាវិស្វកររចនាប្រព័ន្ធឈីប CPU ចាប់ពីជំនាន់ A7។ ទោះយ៉ាងណា គេមិនដឹងពីការងារជាក់លាក់របស់លោកក្នុងមុខតំណែងនេះនោះទេ ខណ: Apple ចាត់ទុកព័ត៌មានទាំងនោះ គឺជាការសម្ងាត់។

យោងតាមព័ត៌មានចចាមអារ៉ាមមួយឱ្យដឹងថា ការងាររបស់លោក Bruno គឺគ្មានអ្វីក្រៅពីរចនាប្រព័ន្ធប្រតិបត្តិការនៃបន្ទះឈីប CPU នោះទេ ហើយការចាកចេញរបស់លោក គឺក្រោមហេតុផលដើម្បីភាពល្អប្រសើរមួយ។

យោងតាមប្រភពព័ត៌មានពី​ Fudzilla លោក Bruno នឹងទៅជួយក្រុមហ៊ុន Google ក្នុងគោលដៅពីរគឺ ទីមួយរចនាបន្ទះឈីបផ្ទាល់ខ្លួនមួយសម្រាប់ក្រុមហ៊ុន និងទីពីរ ចូលរួមធ្វើការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលក្រុមហ៊ុនអីុនធើណែតយក្សអាមេរិកកំពុងខំប្រឹងប្រែងធ្វើវាឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Google កំពុងប្រើប្រាស់បន្ទះឈីប CPU របស់ Qualcomm ហើយកំពុងគ្រោងនឹងយកបន្ទះឈីប Snapdragon 845 ទៅបំពាក់ឱ្យទូរសព្ទដៃត្រកូល Pixel ស៊េរីឆ្នាំ ២០១៨។ យ៉ាងនេះក្តី ក្រុមហ៊ុនចង់ផលិតស្មាតហ្វូនដែលមានសមាសភាពផ្សំខ្លាំងពូកែ និងផ្តាច់មុខ ដើម្បីប្រកួតជាមួយគូប្រជែងដូចជា Apple និង Samsung៕

មតិយោបល់