Post News Media ព័ត៌មានបច្ចេកវិទ្យា ស្ងាត់ៗ OnePl...

ស្ងាត់ៗ OnePlus 5 អាចឡើង Android Oreo ឯ Face Unlock ស្រដៀង iPhone X នឹងចេញឆាប់ៗ

ខណ:ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុនធំៗមិនទាន់ទទួលបានកំណែ Android Oreo 8.0 ផងនោះ ក្រុមហ៊ុន One Plus បានប្រកាសថា ម្ចាស់ទូរសព្ទដៃ OnePlus 5 អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android លើទូរសព្ទខ្លួនឱ្យឡើងដល់ជំនាន់ចុងក្រោយនេះឥឡូវបានហើយ។

យោងតាមប្រភពព័ត៌មានពី AndroidandMe បានឱ្យដឹងថា Android 8.0 សម្រាប់ OP5 ដំណើរការលើផ្ទាំងកម្មវិធី OxygenOS 5.0 ហើយមានបន្ថែមមុខងារកាន់តែប្រសើរឡើងជាច្រើន ជាពិសេសទាក់ទងទៅលើផ្នែកកាមេរ៉ា និងប្រព័ន្ធសុវត្ថិភាព។

ភ្ជាប់ជាមួយសេចក្តីប្រកាសនេះដែរ លោក Carl Pei សហស្ថាបនិកក្រុមហ៊ុន ក៏បានពាំនាំដំណឹងល្អមួយទៀតសម្រាប់អតិថិជនអ្នកប្រើប្រាស់ OP5។ លោក Pei និយាយថា មុខងារដោះសោដោយប្រើការចំណាំផ្ទៃមុខ ដែលស្រដៀងទៅនឹង iPhone X និងដែលមាននៅលើ OP5T នឹងចេញនៅលើ OP5 ឆាប់ៗខាងមុន ដោយសារតែវាមានតម្រូវការខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។

ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា វានឹងចេញនៅថ្ងៃណាឱ្យពិតប្រាកដនោះទេ ប៉ុន្តែ យ៉ាងហោចណាស់អ្នកប្រើប្រាស់ក៏ដឹងថា ពួកគេនឹងអាចទទួលបានបទពិសោធន៍នៃការដោះសោចូលទៅកាន់កម្មវិធីដោយប្រើផ្ទៃមុខផងដែរ៕

Loading...