Post News Media ព័ត៌មានបច្ចេកវិទ្យា ឆ្នាំ ២០១៨ មា...

ឆ្នាំ ២០១៨ មានលុយល្មមៗក៏អាចទិញស្មាតហ្វូនអេក្រង់ 2K កាមេរ៉ាភ្លោះប្រើដែរ

នេះគឺជាដំណឹងល្អមួយសម្រាប់លោកអ្នកដែលថវិការបស់ខ្លួននៅមានកម្រិត ឬមិនចង់ចំណាយលុយច្រើនទៅលើទូរសព្ទថ្លៃៗ តែចង់បានម៉ូឌែលដែលមានសមត្ថភាពខ្ពស់។​ ព្រោះក្រុមហ៊ុនផលិតបន្ទះឈីបលេខមួយលើលោក Qualcomm ត្រូវគេអះអាងថា កំពុងធ្វើការលើបន្ទះឈីបអង្គប្រតិបត្តិការជំនាន់ថ្មីដ៏មានថាមពលមួយឈ្មោះ Snapdragon 670 សម្រាប់បំពាក់លើស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលក្នុងឆ្នាំ ២០១៨។

យោងតាមប្រភពពី Phone Arena បន្ទះឈីប Qualcomm Snapdragon 670 នឹងចេញមកជំនួស Snapdragon 660 ដែលកំពុងត្រូវបានជ្រើសរើសបំពាក់ឱ្យស្មាតហ្វូនដ៏មានប្រជាប្រិយភាពជាច្រើននៅក្នុងតំបន់អាស៊ី ដូចជា Oppo R11 និង R11s។

បន្ថែមពីលើនេះ បើតាមប្រភពពី Roland Quandt បន្ទះឈីបក្រោយនោះ នឹងអាចគាំទ្រជាមួយទូរសព្ទដែលប្រើអេក្រង់គុណភាពកម្រិត 2K ឬ Quad HD និងកាមេរ៉ាភ្លោះទំហំដល់ ២២.៦+១៣ មេហ្គាភិចសែល ព្រមជា​មួយ RAM ទំហំ ៦ ជីហ្គាបៃយ៍ អង្គផ្ទុកទិន្នន័យទំហំ ៦៤ ជីហ្គាបៃយ៍។ មិនតែប៉ុណ្ណោះ វាអាចនឹងរចនាចំនួន Core ដល់ ១០ គ្រាប់ ឬហៅថា Hexa-core លើសពីជំនាន់ 660 បច្ចុប្បន្ន ដែលមាន Core ចំនួន ៨។

គួរបញ្ជាក់ថា ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលសព្វថ្ងៃ ត្រូវបានគេចាត់ចូលក្នុងចន្លោះតម្លៃពីប្រមាណ ២០០ ទៅ ៤០០ ឬ ៥០០ ដុល្លារអាមេរិក។

ទាក់ទងនឹងដំណឹងនេះដែរ មែនទែនទៅ​សព្វថ្ងៃ ក៏មានដែរស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល ឬមានតម្លៃមធ្យមដែលបំពាក់អេក្រង់ 2K ជាអាទិ៍ Huawei nova 2i ជាដើម ប៉ុន្តែ វាមិនមែនប្រើអង្គប្រតិបត្តិការរបស់ក្រុមហ៊ុន Quadcomm នោះទេ។ ពោលគឺ វាបំពាក់ CPU ឈ្មោះ Kirin ដែលរចនាឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់។

ដូច្នេះ យើងអាចសន្និដ្ឋានបានថា ការអភិវឌ្ឍសមត្ថភាពអង្គប្រតិបត្តិឱ្យកាន់តែខ្លាំង សម្រាប់ស្មាតហ្វូនតម្លៃកាន់តែទាប អាចជាយុទ្ធសាស្រ្តមួយរបស់ Qualcomm ក្នុងការក្តោបក្តាប់ទីផ្សារបន្ទះឈីបឱ្យកាន់តែធំ៕

Loading...