Post News Media ព័ត៌មានបច្ចេកវិទ្យា ចេះតែមាន! ម្ច...

ចេះតែមាន! ម្ចាស់ iPhone ម្នាក់ប្តឹង Apple ទារជិត ១ពាន់ពាន់លាន រឿងចេតនាទម្លាក់ល្បឿន iPhone ចាស់ៗ ទៅតាម..

រឿងរ៉ាវទាក់ទងទៅនឹងចេតនារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកក្នុងការកាត់បន្ថយល្បឿនដំណើរការទូរសព្ទ iPhone ចាស់ៗទៅតាមអាយុកាលនៃថ្ម មិនស្ងប់នៅឡើយទេ ផ្ទុយទៅវិញ វាហាក់បីដូចជាកំពុងពុះកញ្ជ្រោលឡើងថែមទៀត។

យោងតាមប្រភពព័ត៌មានពី Phone Arena បច្ចុប្បន្ន បណ្តឹងផ្លូវច្បាប់ទៅលើ Apple ពីសំណាក់អតិថិជន ចំពោះទង្វើបែបនោះ​របស់ក្រុមហ៊ុនបានកើនដល់ ៩ បណ្តឹងហើយ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ មានមួយបណ្តឹង ទារសំណងរហូតដល់ ៩៩៩,៩៩៩,៩៩៩,០០០ ដុល្លារ។

យោងតាមប្រភពពី iMore ម្ចាស់បណ្តឹងនោះគឺមានឈ្មោះថា Violetta Mailyan ប្តឹងទៅកាន់តុលាការសង្កាត់កណ្តាលនៃរដ្ឋ កាលីហ្វ័រនីយ៉ា។
ក្នុងពាក្យបណ្តឹង Mailyan ដោយតាំងនាមឱ្យខ្លួន និងជាជនរងគ្រោះដទៃ បាន​ចោទក្រុមហ៊ុនផលិត iPhone ថាការពន្យឺតល្បឿនដំណើរការ iPhone គឺជារឿងខុសច្បាប់ ដោយបានបំភាន់អ្នកប្រើប្រាស់ដោយចេតនា ដែលធ្វើឱ្យពួកគេបង្ខំចិត្តប្តូរ iPhone ចាស់ៗចញ ទិញយក iPhone ស៊េរីថ្មីៗ។

នាងលើកឡើងបន្ថែមថា ក្រុមហ៊ុន Apple មិនបានលាតត្រដាងឱ្យអតិថិជនបានដឹងពីបញ្ហាថ្មលើ iPhone ចាស់ៗ ដែលជាការក្រើនរំឭកដល់ពួកគេក្នុងការ​ទិញនូវថ្មថ្មីមកជំនួស ជាជាងការចំណាយលុយទិញ iPhone ថ្មីទាំងស្រុងមកប្រើ។

ទោះបីមានការឯកភាពក្នុងចំណោមអ្នកប្រើប្រាស់​ថា Apple គួរតែដោះស្រាយរឿង​បន្ថយល្បឿនដំណើរការ iPhone ចាស់ៗដោយចេតនាក៏ដោយ ក៏ការប្តឹងទារសំណងរហូតដល់ ៩៩៩ ប៊ីលានដុល្លារ បែបនេះ ហាក់បីដូចជារឿងកំប្លុកកំប្លែងប៉ុណ្ណោះ។ ពោលគឺ វាមិនអាចទៅរួចនោះទេ ចំពោះករណីត្រឹមតែមុខងារប្រើប្រាស់ស្មាតហ្វូនមួយនោះ៕

Apple រងបណ្តឹងទម្លាក់ល្បឿន iPhone ចាស់ៗ ដើម្បីលក់ iPhone ស៊េរីថ្មីៗឱ្យកាន់តែដាច់

 

Loading...