ព័ត៌មានបច្ចេកវិទ្យា

ទិញ iPhone ថ្មីប្រើហើយ ចេះតែរលត់ឆេះៗ? សាកដំណោះស្រាយទាំងនេះទៅ!

ឧបមាថាប្រិយមិត្តបានទិញ​ iPhone ម៉ូឌែលថ្មីមួយគ្រឿង iPhone 8, 8 Plus, ឬ X មកប្រើ។ ពីដំបូងៗ ​វាដើរល្អធម្មតាទេ តែបន្ទាប់ពីប្រើបានមួយរយ: ស្រាប់តែវាមានបញ្ហាឆេះ/រលត់ៗ ឬក៏ Restart ឥតឈប់។
បើជួបករណីដូច្នេះមែន ប្រិយមិត្តអាចសាកល្បងដោយខ្លួនឯងនូវដំណោះស្រាយ ៤ ដែល Post Tech បង្ហាញជូនខាងក្រោមបាន មុនពេលយកទៅឱ្យអ្នកជំនាញ ឬក្រុមហ៊ុនឆែកមើល។

ដំណោះស្រាយទី ១: ចុច Reboot ទូរសព្ទដោយបង្ខំ

នេះគឺជាដំណោះស្រាយជំហានដំបូង និងសាមញ្ញបំផុត តែវាអាចនឹងជួសជុលបញ្ហាខាងលើ និងមួយចំនួនផ្សេងទៀត ដែលធ្វើឱ្យទូរសព្ទដើរយឺតបាន។
ដើម្បីធ្វើដូច្នេះ លោកអ្នកគ្រាន់តែចុចលើប៊ូតុង Home និង ON/OFF (សម្រាប់ iPhone ស៊េរីក្រោម 7) ឬចុចប៊ូតុងថយសំឡេង និង ON/OFF (សម្រាប់ iPhone 7/ 7 Plus) ដំណាលគ្នាប្រមាណ ១០ វិនាទី ឬរហូតដល់អេក្រង់ទូរសព្ទរលត់ ហើយលេចចេញឡូហ្គូផ្លែប៉ោម។

សម្រាប់ iPhone 8, 8 Plus, និង X សូមចុចសង្កត់ជាប់បន្តិចលើប៊ូតុងដំឡើងសំឡេង រួចចុចសង្កត់ជាប់បន្តិចលើប៊ូតុងបន្ថយសំឡេង ហើយចុចជាប់លើប៊ូតុង Sleep/Wake រហូតដល់អេក្រង់រលត់ និងលេចចេញឡូហ្គូផ្លែប៉ោម។

ដំណោះស្រាយទី ២: បិទមុខងារណាដែលស៊ីថ្មខ្លាំងពេលអត់ប្រើ

មុខងារមួយចំនួនលើ iPhone ស៊ីថាមពលថ្មខ្លាំងដែលអាចធ្វើឱ្យទូរសព្ទឡើងកម្តៅបាន ពិសេសមុខងារ GPS, 3G/4G ជាដើម។ ដូច្នេះ បើលោកអ្នកឈប់ប្រើវា គួរតែបិទចោលទៅ។ ក្រៅពីនេះ មុខងារ Background App Refresh ក៏ដូច្នេះដែរ។ ចង់មិនចង់ លោកអ្នកគួរតែចូលទៅកាន់ Settings -> General -> Background App Refresh ហើយចុចកុងតាក់បិទវាចោលទៅ។

មួយវិញទៀត គួរតែបិទផ្តាច់កម្មវិធីណាដែលទើបបើកប្រើរួចថ្មីៗចោល ដោយចុចពីរដងលើប៊ូតុង Home ដើម្បីឱ្យមុខងារ App Switcher លេចឡើង ហើយ​ចុច​អូសផ្ទាំងកម្មវិធីណាដែលចង់បិទឡើងទៅលើ។ សម្រាប់ iPhone X លោកអ្នកគ្រាន់​តែអូសរបា Gesture នៅអេក្រង់ខាងក្រោមឡើងលើ បន្ទាប់មក ចុច​សង្កត់ជាប់លើផ្ទាំងកម្មវិធីណាដែលចង់បិទផ្តាច់ រហូតដល់ប៊ូតុងពណ៌ក្រហមមួយបង្ហាញឡើង រួចចុចលើវា ឬអូសផ្ទាំងកម្មវិធីឡើងលើក៏បាន។

ដំណោះស្រាយទី ៣: ចុច Factory Reset

ប្រសិនដំណោះស្រាយខាងលើគ្មានប្រសិទ្ធភាព លោកអ្នកអាចសាកវិធីនេះបាន ដោយវានឹងផ្លាស់ប្តូរការកំណត់ផ្សេងៗនៅក្នុងទូរសព្ទឱ្យវិលត្រឡប់ដូចដើម (ដូចកាលទើបទិញមកថ្មី) ហើយវានឹងលុបចោលនូវលេខកូដសម្ងាត់ Wi-Fi ក៏ដូចជាប្រវិត្តនៃការចុះឈ្មោះផ្សេងៗដែលលោកអ្នកបានបង្កើតកន្លងមក។

ដើម្បីធ្វើដូច្នេះ សូមចូលទៅកាន់កម្មវិធី Settings -> General -> Reset -> Reset All Settings រួចវាយបញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានប្រើដើម្បីចាក់សោអេក្រង់ (ប្រសិនបើមាន)។

ដំណោះស្រាយទី ៤: ធ្វើបច្ចុប្បន្នភាពកម្មវិធី

ជូនកាលកម្មវិធីដែលដំណើរការលើទូរសព្ទលោកអ្នកវាហួសជំនាន់ ឬមិនត្រូវនឹងជំនាន់ប្រតិបត្តិការ iOS លើទូរសព្ទ iPhone របស់លោកអ្នក ដែលនាំឱ្យកើតមានបញ្ហា។ វាមិនត្រឹមតែអាចស៊ីថាមពលថ្មខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចបង្កឱ្យទូរសព្ទដើរយឺត រអាក់រអូល ឬរលត់ផងដែរ។

ដើម្បីធ្វើដូច្នេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី App Store -> Updates -> Update All the Apps។ បញ្ជាក់: ទូរសព្ទលោកអ្នកក៏ត្រូវភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi ឬ 3G/4G ផងដែរ៕

មតិយោបល់