ព័ត៌មានបច្ចេកវិទ្យា

Apple ចេញលិខិតសុំទោស និងដាក់ចេញដំណោះស្រាយពីរ ឆ្លើយតបរឿងចេតនាខ្លួនធ្វើឱ្យ iPhone ដើរយឺត

ក្រោយពីផ្ទុះមតិរិះគន់ រហូតដល់មានការដាក់ពាក្យបណ្តឹងប្រឆាំងនឹងខ្លួន អំពីចេតនាកាត់បន្ថយល្បឿនប្រតិ​បត្តិការទូរសព្ទ iPhone ស៊េរីចាស់ទៅតាមអាយុកាល ឬសមត្ថភាពនៃថាមពលថ្មរបស់វារួចមក នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានចេញលិខិតសុំអភ័យទោសពីអតិថិជន និងបានដាក់ចេញនូវវិធានការពីរចំណុច ដើម្បីកែស្ថានការដែលហាក់កំពុងកញ្ជ្រោលឡើង។

យោងតាមសារលិខិតនោះដែរ Apple បានបដិសេធចំពោះគោលបំណងពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗ ដើម្បីបង្កើនតម្រូវការទូរសព្ទ iPhone ស៊េរីថ្មីៗ។ ផ្ទុយទៅវិញ ក្រុមហ៊ុនថា ខ្លួនធ្វើវាឡើងក៏ដោយសារ​តែដើម្បីដោះស្រាយបញ្ហាចុះខ្សោយនៃថាមពលថ្ម ដែលមិនអាចបំពេញតម្រូវការកិច្ចការដ៏សាំញ៉ាំនៃប្រព័ន្ធប្រតិ​បត្តិ​ការទូរសព្ទ បន្ទាប់ពីវាត្រូវបានប្រើសាកអស់រយ:ពេលជាយូរ ឬច្រើនលើកច្រើនសារមក។

Apple បញ្ជាក់បន្ថែមថា ប្រសិនបើថាមពលថ្មមិនមានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដំណើរការដ៏ខ្លាំងរបស់ទូរសព្ទ ម៉ាស៊ីនរបស់វានឹងរលត់។ ម្លោះហើយ ទើបកាលពីឆ្នាំមុនខ្លួនបានដាក់ចេញកំណែ iOS 10.2.1 ដើម្បីកម្រិតតម្រូវការថាមពលដំណើរការនៃសមាសធាតុក្នុងអង្គប្រតិបត្តិការមួយចំនួន ដើម្បី​បញ្ជៀសការរលត់ជាយ​ថាហេតុ។

ទោះជាក្រុមហ៊ុនផលិត iPhone បន្តច្រានចោលចំពោះការចោទប្រកាន់ពីចេតនារបស់ខ្លួនក្នុងការបន្ថយល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗ ពីសំណាក់អតិថិជនក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសម្រេចដាក់ចេញនូវដំណោះស្រាយចំនួនពីរ ដើម្បីបង្កើនទំនុកចិត្ត និងការ​ជឿជាក់ពីពួកគេឡើងវិញផងដែរ។

ក្នុងនោះ ដំណោះស្រាយទីមួយគឺ Apple នឹងបញ្ចុះតម្លៃក្នុងការផ្លាស់ប្តូរថ្មថ្មីសម្រាប់ទូរសព្ទដែលហួសកាលបរិច្ឆេទធានាពី ៥០ ដុល្លារ មក ២៩ ដុល្លារ និងសម្រាប់ iPhone 6 ឡើង និង iPhone ណាដែលត្រូវការផ្លាស់ប្តូរថ្មថ្មីជាចាំបាច់។ ការផ្តល់ជូននេះ នឹងធ្វើឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៨ ហើយចំពោះព័ត៌មានលម្អិត ក្រុមហ៊ុននឹងប្រកាសជូនបន្ថែមនាពេលឆាប់ៗខាងមុខ។

ចំពោះដំណោះស្រាយទីពីរ នៅដើមឆ្នាំ ២០១៨ ក្រុមហ៊ុននឹងចេញកំណែ iOS ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់បន្ថែមអំពីសុខភាពថ្ម ដែលកំពុងទ្រទ្រង់ដំណើរការទូរសព្ទ iPhone របស់ខ្លួន។ កំណែនោះ នឹងភ្ជាប់មកជាមួយកម្មវិធីមួយ ដែលនឹងបង្ហាញពួកគេឱ្យដឹងផងដែរថា តើលក្ខខណ្ឌថ្មទូរសព្ទរបស់ខ្លួន ឈានដល់ដំណាក់កាលប៉ះពាល់ដល់ដំណើរការប្រើប្រាស់នៃគ្រឿងម៉ាស៊ីនទូរសព្ទហើយឬនៅ៕

ប្រភពព័ត៌មាន: Apple

មតិយោបល់