Post News Media ព័ត៌មានបច្ចេកវិទ្យា Apple កំពុងប្...

Apple កំពុងប្រឈមពិន័យ ១១.៥$ ពាន់លាន នៅបារាំង ពីបទបង្ហួសស៊េរី iPhone ដោយចេតនា

ក្រុមហ៊ុន Apple កំពុងប្រឈមមុខបណ្តឹងផ្លូវច្បាប់នៅក្នុងប្រទេសបារាំង ជុំវិញបទចោទទម្លាក់ល្បឿនដំណើរការផលិតផលរបស់ពួកគេដោយចេតនា ទៅតាមអាយុកាល ដើម្បីជំរុញតម្រូវការផលិតផលចេញថ្មី។ នេះបើយោងតាមប្រភពព័ត៌មានពី Reuters ចេញផ្សាយនៅថ្ងៃម្សិលមិញ។

យោងតាមប្រភពដដែល ពាក្យបណ្តឹងនោះ ធ្វើឡើងដោយសមាគមន៍ការពារសិទ្ធិអ្នកប្រើប្រាស់សម្រាប់ជនជាតិបារាំងមួយ មានឈ្មោះថា “Stop Planned Obsolescence” ឬហៅកាត់ថា HOP ប្តឹងក្រុមហ៊ុន Apple ទៅតុលាការក្រុងប៉ារីស នៅថ្ងៃពុធ ពីបទរំលោភច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់របស់បារាំង ដែលបានអនុម័តចេញក្នុងឆ្នាំ ២០១៥។

ពាក្យបណ្តឹងនេះដែរ គឺធ្វើឡើងក្រោយពីក្រុមហ៊ុន Apple បានថ្លែងកាលពីសប្តាហ៍មុនថា ខ្លួនបានដាក់ចេញនូវកំណែប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីឆ្នាំមុន កាត់បន្ថយល្បឿនដំណើរការ iPhone 6, 6s, SE, និង 7 ដើម្បីការពារមិនឱ្យទូរសព្ទទាំងនោះរលត់ជាយថាហេតុ ដោយសារបញ្ហាថ្មចាស់ ថ្មសល់ថាមពលតិចដោយសារការសាក និងដោយសារការចុះត្រជាក់។

ឋិតក្រោមច្បាប់បារាំង ក្រុមហ៊ុននានានឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន ៥% នៃចំណូលបានមក​ពីការលក់ផលិតផលប្រចាំឆ្នាំរបស់ពួកគេ សម្រាប់ការបង្រួញអាយុកាលផលិតផលរបស់ពួកគេដោយចេតនា ដើម្បី​ជំរុញឱ្យមានតម្រូវក្នុងការផ្លាស់ប្តូរផលិតផលទាំងនោះ។

ទាក់ទងទៅនឹងច្បាប់នេះ យោងតាមប្រភពព័ត៌មានពី Phone Arena បានឱ្យដឹងថា Apple អាចនឹងរងការ​ផាកពិន័យជាទឹកប្រាក់រហូតដល់ ១១.៥ ពាន់លានដុល្លារ ពីតុលាការបារាំង ពាក់ព័ន្ធបទចោទខាងលើ។ ជាមួយគ្នានោះ ក្រុមហ៊ុន Apple ពុំទាន់មានការឆ្លើយតបអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏កំពុងរងការប្តឹងផ្តល់ជាច្រើនផងដែរនៅក្នុងទឹកដីរបស់ខ្លួន ជុំវិញការចោទប្រកាន់ថា បានបោកប្រាស់អតិថិជនអ្នកប្រើប្រាស់ iPhone របស់ខ្លួន ដោយការបន្ថយល្បឿនដំណើរការទូរសព្ទរបស់ពួកគេ ដោយគ្មានការផ្តល់ដំណឹង ការព្រមាន ឬហេតុផលជាមុន៕

Loading...