ព័ត៌មានបច្ចេកវិទ្យា

Samsung និង​ LG ប្រកាសគ្មានការធ្វើឱ្យទូរសព្ទដើរយឺតដូច Apple

ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតពីរគឺ Samsung និង LG បានចេញមុខអះ​អាង​ថា ពួកគេមិនបានធ្វើឱ្យទូរសព្ទថមថយល្បឿនដំណើរការទៅតាមអាយុកាលថ្ម ដូច​ដែលក្រុមហ៊ុន Apple បានអនុវត្តទៅលើទូរសព្ទ iPhone មួយចំនួន ក្រោមហេតុផលការពារកុំឱ្យទូរសព្ទរលត់ជាយថាហេតុ។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ Phone Arena ក្រុមហ៊ុនទាំងពីរបានបដិសេធ​សូម្បីតែការកាត់បន្ថយល្បឿនដំណើរការនៃអង្គប្រតិបត្តិការក្នុងផលិត​ផលស្មាតហ្វូនរបស់ផងខ្លួន ហើយ LG បានប្តេជ្ញាយ៉ាងមុតមាំថា ខ្លួនក៏នឹងមិនធ្វើដូច្នោះនៅថ្ងៃអនាគតផងដែរ។

ដោយឡែក កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន HTC និង Motorola ក៏បានប្រកាសផងដែរថា ខ្លួនគឺមិនពន្យឺតល្បឿនទូរសព្ទដែលកាន់តែចាស់ៗ ឱ្យដើរកាន់តែដើរ​យឺតទៅតាមសមត្ថភាពថាមពលថ្មរបស់វាដែលកាន់តែចុះខ្សោយនោះទេ។

គួរបញ្ជាក់ថា សេចក្តីប្រកាសក្តែងៗរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Android ទាំងនេះ គឺធ្វើឡើងបន្ទាប់ពី Apple បានសារភាពថា ខ្លួនបានដាក់ចេញនូវកំណែប្រព័ន្ធ iOS ដើម្បីបន្ថយល្បឿនដំណើរការអង្គប្រតិបត្តិទូរសព្ទ iPhone ទៅតាមអាយុកាលថ្មរបស់វា ដើម្បីការពារការរលត់នៃម៉ាស៊ីនទូរសព្ទដោយឥតរំពឹងទុក។

ដើម្បីឆ្លើយតបទៅនឹងមតិរិះគន់ពីសំណាក់អតិថិជន ក្រុមហ៊ុនក៏បានដាក់ចេញនូវដំណោះស្រាយពីរចំណុច។ ក្នុងនោះ ដំណោះស្រាយទីមួយគឺ Apple នឹងបញ្ចុះតម្លៃក្នុងការផ្លាស់ប្តូរថ្មថ្មីសម្រាប់ទូរសព្ទដែលហួសកាលបរិច្ឆេទធានាពី ៥០ ដុល្លារ មក ២៩ ដុល្លារ និងសម្រាប់ iPhone ស៊េរី 6 ឡើង និង iPhone ណាដែលត្រូវការផ្លាស់ប្តូរថ្មថ្មីជាចាំបាច់។ ការផ្តល់ជូននេះ នឹងធ្វើឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៨ ហើយចំពោះព័ត៌មានលម្អិត ក្រុមហ៊ុននឹងប្រកាសជូនបន្ថែមនាពេលឆាប់ៗខាងមុខ។

ចំពោះដំណោះស្រាយទីពីរគឺ នៅដើមឆ្នាំ ២០១៨ ក្រុមហ៊ុននឹងចេញកំណែ iOS ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់បន្ថែមអំពីសុខភាពថ្ម ដែលកំពុងទ្រទ្រង់ដំណើរការទូរសព្ទ iPhone របស់ពួកគេ។ កំណែនោះ នឹងភ្ជាប់មកជាមួយកម្មវិធីមួយ ដែលនឹងបង្ហាញឱ្យពួកគេឱ្យដឹងផងដែរថា តើលក្ខខណ្ឌថ្មទូរសព្ទបែបណា អាចឈានដល់ដំណាក់កាលប៉ះពាល់ដល់ដំណើរការប្រើប្រាស់នៃគ្រឿងម៉ាស៊ីនទូរសព្ទ៕

អានបន្ថែម៖

Apple ចេញលិខិតសុំទោស និងដាក់ចេញដំណោះស្រាយពីរ ឆ្លើយតបរឿងចេតនាខ្លួនធ្វើឱ្យ iPhone ដើរយឺត

 

មតិយោបល់