ព័ត៌មានបច្ចេកវិទ្យា

រដ្ឋ Florida អាចនឹងចេញច្បាប់ហាមផ្ញើសារពេលកំពុងបើកបរ

Florida គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដ៏តិចតួចដែលមិនទាន់ចេញច្បាប់ហាមប្រាណការផ្ញើសារពេលកំពុងបើកបរ

សភារដ្ឋ Florida កំពុងពិចារណាទៅលើសំណើច្បាប់មួយដែលនឹងហាមប្រាមមិនឱ្យអ្នកបើកបរយានជំនិះចុចទូរសព្ទផ្ញើសារពេលកំពុងបើកបរនៅតាមដងផ្លូវ។

ប្រសិនបើសំណើច្បាប់នោះ​ ត្រូវបានអនុម័តដាក់ឱ្យអនុវត្តមែន ប៉ូលិសនឹងមានសិទ្ធិចាប់ឃាត់ខ្លួនជនល្មើស ដោយមិនបាច់រង់ចាំដល់ពួកគេបើកបរហួសល្បឿនកំណត់ ដែលនាំឱ្យអ្នកនៅតាមដងវិថីជាមួយប្រឈមហនិភ័យនោះទេ។

យោងតាមសារព័ត៌មាន AP មានការសិក្សាផ្ទុយគ្នាជាច្រើនទាក់ទងទៅនឹងប្រសិទ្ធភាពនៃច្បាប់នេះ។

វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពលើដងផ្លូវរបស់អាមេរិកបាននិយាយថា រដ្ឋដែលគ្មានច្បាប់ហាមផ្ញើសារពេលកំពុងបើកបរ មានអាត្រាស្លាប់លើ​ដងផ្លូវខ្ពស់ជាងមធ្យម ប៉ុន្តែ បានថ្លែងផងដែរថា រដ្ឋដែលកំពុងអនុវត្តច្បាប់នេះ ក៏មិនមានការ​ថយចុះនៃគ្រោះថ្នាក់ចរាចរនោះទេ ថ្វីត្បិតអ្នកបើកបរជាច្រើនគោរពតាមក៏​ដោយ​។
ដោយឡែក មានក្តីកង្វល់មួយទាក់ទងទៅនឹងការអនុវត្តប្រសិនបើច្បាប់នេះចេញ ដោយថា ប៉ូលិសរដ្ឋអាចនឹងប្រើសិទ្ធិអំណាចខ្លួនរករឿង ឬបញ្ឈប់ជនជាតិស្បែកខ្មៅដែលហ៊ានល្មើសនឹងច្បាប់នោះ ដោយសារការរើសអើងពូជសាសន៍។

ជារួម ច្បាប់នេះ អាចបញ្ជៀសឧប្បតិ្តវហេតុនៅតាមដងផ្លូវ និងសង្គ្រោះជីវិតមនុស្សបានមែន ប៉ុន្តែ គេចាំបាច់ត្រូវពិនិត្យប្រសិទ្ធភាព និងផលប៉ះពាល់របស់​វាឱ្យបានម៉ត់ចត់ជាមុនសិន ដើម្បីកុំឱ្យជនមានអំណាចយកវាទៅប្រើក្នុងផ្លូវខុស។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានរដ្ឋចំនួន ៤៣​ ហើយដែលបានចេញច្បាប់ហាមមិនឱ្យចុចទូរសព្ទផ្ញើសារពេលកំពុងបើកបរ ដោយឡែក Florida អាចជារដ្ឋចុងក្រោយ ដែលនឹងត្រូវបានសភាអនុម័តច្បាប់នេះ ដើម្បីដាក់ឱ្យអនុត្តន៍៕

ប្រភពព័ត៌មាន: engadget

មតិយោបល់