Post News Media ព័ត៌មានបច្ចេកវិទ្យា Apple Watch ម...

Apple Watch មួយចំនួនជួបបញ្ហារលត់ ពេលពាក់ប្រើក្នុងមន្ទីរពេទ្យ

ដំណោះស្រាយមានតែមួយគត់គឺបើក Airplane Mode រាល់ពេលចូលមន្ទីរពេទ្យ

នាឡិកាដៃ Apple Watch ត្រូវបានគេចាត់ទុកថាជាឧបករណ៍បំពាក់ជាប់កាយដ៏ទំនើបដែលមានមុខងារមួយផ្នែកធំសម្រាប់ជួយគាំពារសុខភាពអ្នកប្រើប្រាស់។

ប៉ុន្តែ បើយោងតាមរបាយការណ៍ពី 9to5Mac នាឡិកាដៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ជំនាន់ទីបីមួយចំនួន ត្រូវអ្នកពាក់លើកឡើងថា កើតមានបញ្ហារលត់​ ឬ Reboot ដោយឥតរំពឹងទុក នៅពេលពួកគេចូលក្នុងមន្ទីរពេទ្យ ក្បែរបរិក្ខារវេជ្ជសាស្រ្តមួយចំនួន។

គិលានុបដ្ឋាកយិកាម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យមួយ ដែលបានអំណោយជានាឡិកា Apple Watch Series 3 សម្រាប់ថ្ងៃបុណ្យណូអ៊ែលពីប្តីរបស់នាង បាន​និយាយថា នាឡិកាដៃនាង ចាប់ផ្តើមរលត់រៀងរាល់ ៦០ ទៅ ៩០ នាទីម្តង នៅពេលនាងនៅជិតបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយទោះនាងប្តូរ Apple Watch ផ្សេង ក៏បញ្ហានៅតែបន្តកើតឡើង។

ទន្ទឹមគ្នានេះ នៅក្នុងទំព័រពិភាក្សានៃគេហទំព័រក្រុមហ៊ុន Apple ក៏មានការចោទសួររកដំណោះស្រាយអំពីបញ្ហាខាងលើផងដែរ ពីសំណាក់អ្នកប្រើប្រាស់ Apple Watch Series 3 មួយចំនួន។

កន្លងមក ក្រុមហ៊ុន Apple ធ្លាប់និយាយថា Hardware របស់ផលិតផលនាឡិការបស់ក្រុមហ៊ុនមានប្រតិកម្មជាមួយឧបករណ៍ជំនួយបេះដូង ប្រដាប់ឆក់បេះដូង និងបរិក្ខារវេជ្ជសាស្រ្តដទៃផ្សេងទៀត ដោយសារតែឥទ្ធិពលនៃរលកវិទ្យុសាយភាយចេញពីឧបករណ៍ទាំងនោះ។

ទាក់ទងទៅនឹងសម្តីនេះ យើងមិនចាំបាច់ឆ្ងល់នោះទេ ពីមូលហេតុ Apple Watch Series 3 ពិបាកដំណើរការនៅក្នុងមន្ទីរពេទ្យ ក្បែរបន្ទប់ ICU នោះ។ ហើយចំពោះដំណោះស្រាយតែមួយគត់គឺ អ្នកពាក់គួរសាកបើក Airplane Mode នៅពេលខ្លួនចូលទៅមន្ទីរពេទ្យ៕

Loading...