ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Samsung បញ្ចេញឈីប CPU ថ្មីសម្រាប់ Galaxy S9 ផ្លូវការហើយ!

“សមត្ថភាពត្រូវបានបង្កើនខ្លាំងអស្ចារ្យបំផុតមិនធ្លាប់មាន”

កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានបង្ហើប​ឱ្យដឹងពីវត្តមាននៃបន្ទះឈីព CPU ជំនាន់ថ្មី Exynos 9810 សម្រាប់បំពាក់ឱ្យស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួនម្តងរួចទៅហើយ នៅឯសន្និសីទ្ធកាសែតមួយ។ ប៉ុន្តែ កាលនោះក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងពីលក្ខណ:សម្បត្តិសំខាន់ៗរបស់វាច្រើននោះទេ។

លុះទល់ពេលនេះ ក្រុមហ៊ុនគូប្រជែងដ៏ខ្លាំងរបស់ Apple មួយនេះ បានប្រកាសចេញជាផ្លូវការនូវវត្តមានបន្ទះឈីបត្រកូល Exynos ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវគេជឿថា នឹងផ្តល់ថាមពលប្រតិបត្តិការដល់ Galaxy S9 ដែលកំពុងត្រៀមចេញឆាប់ៗខាងមុខ។

Exynos 9810 ត្រូវបានរចនាឡើងតាមបទដ្ឋានវិស្វកម្មបន្ទះឈីបអង្គប្រតិបត្តិការ  10nm (ខុសពីព័ត៌មានចចាមអារ៉ាមកន្លងមកដែលថាវានឹងផលិតចេញតាមបទដ្ឋាន 8nm) ហើយវាផ្គុំឡើងដោយបន្ទះ GPU ជំនាន់ថ្មី រួមជាមួយ Core អង្គប្រតិបត្តិ (CPU) ជំនាន់ទី៣ ចំនួន ៤ គ្រាប់ ដែលអាចផ្តល់នូវល្បឿនប្រតិបត្តិការអតិបរមា ២.៩GHz បូកបន្ថែម Core ចំនួន ៤ គ្រាប់ផ្សេងទៀតសម្រាប់ជំរុញដំណើរការផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីលើនេះ វាមានសមត្ថភាពគណនារូបភាព និងត្រូវបានច្របាច់បញ្ចូលនូវបច្ចេកវិទ្យា Machine-leaning ជាន់ខ្ពស់ ដែលអាចផ្តល់នូវបទពិសោធន៍ជាមួយឯកសារកម្សាន្តកាន់តែប្រសើរ និងប្រព័ន្ធសុវត្ថិភាពកាន់តែរឹងមាំ។

បើតាមការអះអាងរបស់ក្រុមហ៊ុន Cache Memory ក្នុងបន្ទះឈីបថ្មីនេះ ក៏ត្រូវបានបង្កើនល្បឿនគណនាកាន់តែប្រសើរ អាចជួយឱ្យសមត្ថភាព Core នៃអង្គប្រតិបត្តិទាំងអស់ ផ្តល់នូវសន្ទុះល្បឿនខ្ពស់ជាងបន្ទះឈីបជំនាន់ Exynos 8895 រហូតដល់ ៤០%។

ជាមួយលក្ខណ:សម្បត្តិដែលត្រូវបានបង្កើនឱ្យប្រសើរកាន់ឡើងខ្លាំងបែបនេះ ឧបករណ៍ដែលបំពាក់វា អាចមានសមត្ថភាពដំណើរការជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប្រព័ន្ធសម្គាល់ផ្ទៃមុខ 3D Hybrid ថ្មី (ប្រើ Software និង Hardware រួមគ្នា) បំពាក់កាមេរ៉ាស្ទង់ទីជម្រៅរូបភាពក្នុងប្លង់ក្នុងពេលវេលាជាក់ស្តែង ថតវីដេអូជាមួយគុណភាពកាន់តែមានកម្រិត UHD ឬរហូតដល់កម្រិត​ 4K ល្បឿន ១២០ ប៉ុស្តិ៍/វិនាទី និងអាចជួយឱ្យការថតរូបក្នុងទីដែលមានពន្លឺទាបបានកាន់តែច្បាស់ល្អ។

អនុប្រធានក្រុមហ៊ុន Samsung ផ្នែក LSI Marketing លោក Ben Hur បាននិយាយថា Exynos 9 Series 9810 គឺជាបន្ទះឈីបអង្គប្រតិបត្តិឧបករណ៍ចល័ត​ដែលត្រូវបានរចនាឡើងប្រកបដោយភាពច្នៃបង្កើតថ្មីខ្ពស់បំផុតមិនធ្លាប់មាន ជាមួយការច្របាច់បញ្ចូលគ្នារវាង Core នៃ CPU ជំនាន់ទី ៣ របស់ក្រុមហ៊ុន ម៉ូឌឹម UF-LTE និងបច្ចេកវិទ្យា AI ថ្មី។

លោក Hur បានបន្ថែមថា Exynos 9810 នឹងក្លាយជាកូនសោដ៏សំខាន់មួយសម្រាប់បើកផ្លូវឱ្យមានការច្នៃបង្កើតថ្មីៗលើឧបករណ៍វៃឆ្លាតផ្សេងៗ ដូចជា ស្មាតហ្វូន កុំព្យូទ័រ និងយានយន្តជាដើម សម្រាប់យុគសម័យ AI ដែលកំពុងឈានចូលមកដល់នាពេលខាងមុខ៕

ប្រភពព័ត៌មាន: Samsung

មតិយោបល់